កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

អ្នកវិភាគយល់ថាកម្ពុជាអាចចំណេញច្រើនក្នុងការធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

ភ្នំពេញ៖ អ្នកតាមដានបញ្ហាសង្គម និងនយោបាយអន្តរជាតិ យល់ថាកម្ពុជាអាចទទួលបានផលចំណេញច្រើនពីការធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ ផលប្រយោជន៍ដែលទទួលបាននោះគឺមុខមាត់លើឆាកអន្តរជាតិ បង្កើនទំនាក់ទំនងល្អជាមួយអាមេរិក ក៏ដូចជាជំរុញនូវសេដ្ឋកិច្ចរវាងកម្ពុជា-អាមេរិកឱ្យឡើងមួយកម្រិតទៀត។

កម្ពុជាបានក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ដែលមានកិច្ចការជាច្រើនត្រូវធ្វើទាំងក្នុងតំបន់និងអន្តរជាតិ។ សម្ដេចតេជោ បានចាកចេញពីកម្ពុជាឆ្ពោះទៅអាមេរិកកាលពីថ្ងៃទី១០ម្សិលមិញ ក្នុងដំណើរដែលសម្ដេចថាជា «ភារកិច្ចសំខាន់សម្រាប់ជាតិខ្មែរ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា បានឱ្យ EAC News ដឹងថាកម្ពុជាអាចទទួលបានផលចំណេញ គឺការជំរុញសេដ្ឋកិច្ចជាមួយអាមេរិក ការជួយពង្រឹងសន្ដិសុខក្នុងតំបន់អាស៊ាន។ តែក្នុងន័យលុះត្រាតែកម្ពុជាឈរលើមូលបទនៃសហមជ្ឈមភាពអាស៊ាន។

លោកថា៖ «ប្រសិនជាកម្ពុជាឈរលើមូលបទដែលអាស៊ានបានកម្រិតកំណត់ពីដើមឆ្នាំដែលកម្ពុជាបានកំណត់ពីសហមជ្ឈភាពរបស់អាស៊ានយើងធ្វើបាន។ ខ្ញុំគិតកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនទៅលើទំនាក់ទំនងការទូតក៏ដូចជាវិស័យទំនាក់ទំនងពាណិជ្ជកម្មពីព្រោះ ការទូតអាមេរិកមានសម្ព័ន្ធមិត្តជាមួយអឺរ៉ុបច្រើនហើយពាណិជ្ជកម្មក៏ធំទៀតហើយកម្ពុជាទទួលបានផលប្រយោជន៍ពីអាមេរិកច្រើនខុសពីចិន»។

តាមគម្រោងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ឆ្នាំ២០២២ ដែលនេះជាកិច្ចប្រជុំជួបមុខគ្នាផ្ទាល់រវាងមេដឹកនាំអាមេរិក និងមេដឹកនាំអាស៊ានជាលើកដំបូងចាប់ពីឆ្នាំ២០១៧មក នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ និង១៣ ខែឧសភាខាងមុខ។ ទោះជាយ៉ាងណាពុំមានជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំអាមេរិកជាមួយប្រទេសសមាជិកអាស៊ាន ឬក៏ប្រធានអាស៊ានទេ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរុង្គ បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១០។

លោក ស្រ៊ី ថាមរុង្គ ថា៖ «តាមជាក់ស្ដែងគឺអញ្ចឹងហើយបានប្រធានាធិបតីអាមេរិកគាត់ធ្វើជំនួបមួយគឺជំនួបបាយពេលល្ងាចសំណេះសំណាលគ្នាដូចនឹងជំនួបដែរ ប្រហែលគេធ្វើកុំឱ្យច្រណែនគ្នាមើលទៅ។ ដូច្នេះយើងថាក្នុងពេលដែលជួបគ្នាក្នុងឱកាសជួបគ្នាបាយល្ងាចនោះគឺមានឱកាសជួបគ្នាមួយៗ ព្រោះកម្មវិធីចូលទៅម្នាក់ម្ដង។ យើងឃើញកម្មវិធីប្រជុំអាស៊ានយើងឃើញថាមេដឹកនាំម្ចាក់ចូលទៅ មេដឹកនាំម្នាក់ទៀតចូលត ដូចយើងធ្លាប់ឃើញហើយដូច្នេះឱកាសសម្រាប់ថ្នាក់ដឹកនាំអាស៊ានជួបជាមួយប្រធានាធិបតី ចូ បៃឌិន ក្នុងលក្ខណៈមិនទូលាយទេ ព្រោះថាមិនមានអ្នកចូលរួមច្រើនទេ! មួយបូកមួយ ក្នុងពេលបាយល្ងាចហ្នឹង ហើយហ្នឹងអ្នកកត់ត្រាទេ។ ដូច្នេះថ្នាក់ដឹកនាំអាមេរិកនឹងអាស៊ានគឺថាមានពេលវេលានឹងជជែកដោយសេរីបានន័យថាជជែកគ្នារឿងអីក៏បានដែរវាដូចនឹងការជួបគ្នាដែរ»។

អ្នកតាមដានបញ្ហាសង្គមលោកបណ្ឌិត សេង សារី យល់ថាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ គឺជាឱកាសមួយដ៏សំខាន់ជាពិសេសគឺសម្រាប់កម្ពុជាតែម្ដង ក្នុងនាមជាប្រធានអាស៊ាននិងក្នុងនាមជាប្រទេសដែលអាមេរិកមើលឃើញក្នុងផ្លូវអវិជ្ជមានច្រើន អាចប្រើឱកាសនេះជជែកធ្វើឱ្យមានការយោគយល់គ្នាដើម្បីទទួលបានការសហការបន្ថែមបង្កើនទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិកឡើងវិញ។

លោកថា៖ «បើសិនជាក្នុងករណីកម្ពុជាមានភាពឆ្លាតវៃក្នុងការយកបញ្ហាដែលមានការភ័ន្តច្រលំ ឬក៏ប្រឈមដាក់គ្នាសង្ស័យគ្នានេះមកជជែកដោយឡែកក្នុងនាមជាភាគីកម្ពុជាអាមេរិកខ្ញុំគិតថាកម្ពុជាអាចនឹងដោះស្រាយបញ្ហាបាន ឬក៏មានការបង្ហាញពីភស្ភុតាងមួយចំនួនជាពិសេសការដែលអាមេរិកចោទកម្ពុជាពាក់ព័ន្ធនឹងមូលដ្ឋានទ័ពចិន ។ល។ ខ្ញុំអាចវាយតម្លៃបានថាកិច្ចប្រជុំនេះជាឱកាសមួយយ៉ាងពិសេសសម្រាប់កម្ពុជាតែម្ដងក្នុងនាមជាប្រធានអាស៊ានផង ហើយក្នុងនាមជាប្រទេសដែលអាមេរិកមើលក្នុងផ្លូវអវិជ្ជមានច្រើនផងដូច្នេះវាជាឱកាសដែលយើងអាចធ្វើជាវេទិការនៃការជជែកក្នុងធ្វើមិចឱ្យមានការយោគយល់គ្នា ជាការសហការបន្ថែមជា Engagement Strategy ដើម្បីធ្វើការបន្តរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកហើយនៅម៉ោងប្រមាណ ១៧និង១០នាទី ល្ងាចថ្ងៃទី១០ ខែឧសភា ត្រូវនឹងម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី១១ ខែឧសភានៅកម្ពុជា។ យន្តហោះពិសេសដឹកនាំ សម្ដេចតេជោ និងគណប្រតិភូកម្ពុជា បានចូលចតនៅអាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews រដ្ឋធានីវ៉ាស៊ីនតោន នឹងត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ចំពោះសម្ដេចតេជោ ពីឥស្សរជនជាន់ខ្ពស់ ពិធីការក្រសួងការបរទេសសហរដ្ឋអាមេរិក ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក លោក កែវ ជា ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ិនតោនជាច្រើនរូប។

ប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រសម្ដេចតេជោរស់នៅអាមេរិក និងកាណាដាបាននាំគ្នាមកទទួលស្វាគមន៍សម្ដេចដោយផ្ទាល់នៅកន្លែងស្នាក់នៅរបស់សម្ដេចនៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។

សូមបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១២-១៣ ឧសភា សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងបណ្តាមេដឹកនាំអាស៊ាន សហរដ្ឋ អាមេរិក ជាច្រើនរូប ពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយ សហគមន៍ខ្មែរប្រមាណ ១ពាន់នាក់ រស់នៅសហរដ្ឋអាមេរិក៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក