ភ្នំពេញ៖ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញអង្ករកើនឡើងចំនួន ១៤,៨៨% ខណៈអ្នកជំនាញមានការព្រួយបារម្ភពីការដាំដុះស្រូវរបស់កសិករដោយសារការកើនឡើងនូវតម្លៃប្រេងឥន្ធនៈនិងជីកសិកម្មដោយសារវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។
តាមការឲ្យដឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល៤ខែក្នុងឆ្នាំ២០២២ ពោលគឺចាប់ពីខែមករា ដល់ខែមេសា កម្ពុជាបាននាំចេញអង្ករចំនួន ២២១ ១៣៨តោន និងនាំចេញស្រូវបានចំនួន ១ ៦៤៨ ៤៧៤តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៥១៦,២១លានដុល្លារអាមេរិក។
សហព័ន្ធបន្តថា មានក្រុមហ៊ុនចំនួន ៤៨ក្រុមហ៊ុនបានធ្វើការនាំចេញទៅកាន់គោលដៅចំនួន ៥៤ ដែលក្នុងនោះ កម្ពុជាបាននាំអង្ករទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុង ច្រើនជាងគេដែលមានចំនួន ៥២,១២% នៃការនាំចេញសរុប។
អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង ប្រាប់ EAC News ថា ការនាំចេញស្រូវអង្ករកម្ពុជាមានការកើនឡើងជាពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្តែចំនួនមួយនេះនៅមិនទាន់អាចបំពេញតម្រូវការទីផ្សារបាននៅឡើយនោះទេពីព្រោះកូតានៃការនាំចូលស្រូវអង្ករពីកម្ពុជាទៅកាន់ប្រទេសចិនមានរហូតដល់ទៅ ៣លាន៤សែនតោនក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនេះ លោកមានការព្រួយបារម្ភពីការបង្កបង្កើនផលរបស់កសិករខ្នាតមធ្យមនិងខ្នាតធំ ព្រោះទោះបីមានការកើនឡើងនូវការនាំចេញក៏ពិតមែន ប៉ុន្តែមិនមានការកើនឡើងនៃតម្លៃទិញលក់ស្រូវឬអង្ករពីកសិករ ខណៈពួកគាត់ត្រូវបានជួបប្រទះជាមួយនឹងបញ្ហាការឡើងថ្លៃជីកសិកម្ម និងប្រេងឥន្ធនៈដែលបណ្ដាលមកពីវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។
លោកនិយាយថា៖ «ប៉ុន្តែអ្វីដែលចោទនោះមិនមែនការលក់ទេ គឺការផលិតរបស់ពួកគាត់ថាតើថ្លៃដើមរបស់ពួកគាត់ហ្នឹងវាថោកជាងមុនអត់? គាត់លក់បានតម្លៃដដែល ឬតម្លៃថ្លៃជាងមុនបន្តិច ប៉ុន្តែថ្លៃនៃការផលិតរបស់គាត់ថ្លៃជាងមុន អញ្ចឹងផលប៉ះពាល់របស់ពួកគាត់ក៏ធំជាងមុនវិញ។ យើងត្រូវដឹងថានៅលើពិភពលោកហ្នឹង មូលដ្ឋានផលិតជីនិងប្រេងហ្នឹងវានៅរុស្សីមួយផ្នែកធំហើយ ជិត ២០ភាគរយនៃការផ្គត់ផ្គង់នៅលើពិភពលោក អញ្ចឹងបើគាត់ (រុស្សី) មានបញ្ហាទៅលើខ្សែសង្វាក់ផលិតកម្មធ្វើឲ្យផ្គត់ផ្គង់នៅលើពិភពលោកហ្នឹងវាឡើងទាំងអស់ មិនមែនឡើងតែយើងទេ កសិករប្រទេសណាក៏ប្រឈមទាំងអស់»។
ទោះជាយ៉ាងណាក៏លោកមានការរំពឹងដែរថា កម្ពុជានឹងបន្តមានការកើនឡើងនូវការនាំចេញស្រូវអង្ករឡើងដល់ ៧៥០ ០០០ ទៅ៨០០ ០០០ តោនផងដែរ។
កសិករម្នាក់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លោក សុខ កាក់ ប្រាប់មកកាន់សារព័ត៌មាន EAC ថា លោកមានដីស្រែចំនួន ១០០ហិកតា និងធ្វើស្រែពីរដងក្នុងមួយឆ្នាំ ដោយទទួលបានទិន្នផលជាមធ្យមពី៥ ទៅ៦តោនក្នុងមួយហិកតា។ លោកបន្តថា ចំពោះតម្លៃស្រូវដែលឈ្មួញមកទិញពីលោកមិនមានការឡើងថ្លៃនោះទេ ដោយស្រូវមួយគីឡូក្រាមមានតម្លៃប្រហែល ៥ទៅ ៦រយរៀល។
លោកបន្តទៀតថា លោកមានការបារម្ភពីការបង្កបង្កើនផលស្រូវរបស់លោក ព្រោះក្នុងរយៈពេលប៉ុន្មានខែនេះ ពោលគឺចាប់តាំងពីមានសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន ព្រោះតម្លៃប្រេងឥន្ទនៈ និងជីកសិកម្មហក់ឡើងខ្ពស់លើសពីការរំពឹងទុក។
លោកនិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភដែរ ព្រោះតម្លៃប្រេងហើយនិងជីហ្នឹងវាឡើងថ្លៃហួសពីអ្វីដែលយើងគិត។ ណាមួយតម្លៃស្រូវនិងក៏វាអត់ឡើងថ្លៃប៉ុន្មានដែរបានតែ៥ ទៅ៦បាត (ប្រហែល៥ ទៅ៦រយរៀល) ទេក្នុងមួយគីឡូ។ ប្រេងនឹងយើងត្រូវការប្រើ ជាតម្រូវការចាំបាច់ព្រោះត្រូវបូមទឹកដាក់ស្រែ ហើយឥឡូវតម្លៃកម្លាំងពលកម្មនឹងក៏ឡើងថ្លៃទៀត»។
លោកបន្ថែមថា ប្រសិនបើបញ្ហានេះនៅតែបន្តនោះវានឹងអាចជះឥទ្ធិផលទៅលើរបរកសិកម្មជាពិសេសគឺមានផលប៉ះពាល់ទៅលើអ្នកដែលប្រកបរបរនេះតូចតាច។
តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ កម្ពុជាបាននាំអង្ករទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវបានចំនួន ១១៥ ២៥៥ តោន ឬស្មើនឹង ៥២,១២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២,៧៤លានដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ការនាំចេញអង្ករទៅតំបន់អឺរ៉ុបមានបរិមាណសរុបចំនួន ៦៨ ៥៥៥ តោន ឬស្មើនឹង ៣១% គិតជាទឹកប្រាក់មានចំនួន ៥១,០២ លានដុល្លារសហរដ្ឋអាមេរិក ការនាំចេញទៅកាន់តំបន់សមាជិកអាស៊ានមានចំនួន ២១ ៨៧៦តោន ឬស្មើនឹង ៩,៨៩ % គិតជាទឹកប្រាក់មានចំនួន ១៣,៩០លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ បានចំនួន ១៥ ៤៥២តោន ឬស្មើនឹង ៦,៩៩% គិតជាទឹកប្រាក់មានចំនួន ១១,៧៤លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនៃការនាំចេញអង្ករក្នុងរយៈពេល ៤ខែនេះ មានកំណើនចំនួន ១៤,៨៨% ឬស្មើនឹងចំនួន ២៨ ៦៤៣តោន។
ទន្ទឹមគ្នានេះ កម្ពុជាបាននាំចេញស្រូវគ្រប់ប្រភេទឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមបានចំនួន ១ ៦៤៨ ៤៧៤តោន គិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជាចំនួន ៣៧៦,៦៤លានដុល្លារសហរដ្ឋអាមេរិក។ ប្រភេទអង្ករក្រអូបគ្រប់ប្រភេទមានបរិមាណចំនួន ៦៧.១២% អង្ករស ចំនួន ៣០,១៣% អង្ករចំហុយចំនួន ១,០៧% និងអង្ករសរីរាង្គចំនួន ១,៦៨% ៕