ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងលោក កែប ជុតិមា ចូលកាន់តួនាទីជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នាថ្ងៃស្អែក

ភ្នំពេញ៖ រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ កែប ជុតិមា ដើម្បីចូលកាន់មុខតំណែងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នាថ្ងៃស្អែកនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ប្រាប់ EAC News ថា រដ្ឋសភាបានទទួលសំណើរពីគណបក្សប្រជាជនរួចហើយដើម្បីស្នើជ្រើសតាំងនេះ ខណៈលោកថាតាមនីតិវិធីការបោះឆ្នោតជ្រើសតាំងនឹងធ្វើនៅថ្ងៃស្អែកតែម្ដង។

លោកថា៖ «យើងរៀបចំតាមនីតិវិធី គឺថ្ងៃស្អែកនឹងបោះឆ្នោតជ្រើសតាំងជំនួសសម្ដេច ហ៊ុន ណេង»។

សមាជិកសភា និងជាប្រធានគណកម្មការទី៤ គណកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។

EAC News បានទាក់ទងទៅបេក្ខភាពប្រធានគណកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង គឺលោក កែប ជុតិមា ដើម្បីបញ្ជាក់បន្ថែមលើករណីនេះតែលោកថាលោកជាប់រវល់ប្រជុំ។

នាយកប្រតិបត្តិអង្គការ Necfic លោក សំ គន្ធាមី បានលើកឡើងថា ពុំមានបញ្ហាអ្វីនោះទេក្នុងការជ្រើសតាំងសមាជិកសភាណាម្នាក់ជំនួសតំណែងអ្នកដែលបានមរណភាព ឬឈប់ពីតួនាទី តែលោកបានស្នើដល់អ្នកដែលកាន់តួនាទីថ្មីធ្វើយ៉ាងណាគិតគូរដល់សុខទុក្ខរាស្ត្រជាធំ ដោយចុះសាកសួរ និងពិនិត្យដល់មូលដ្ឋានដោយផ្ទាល់។

លោកថា៖ «អត់មានអីទេ! ព្រោះអីបេក្ខភាពនោះគឺចេញពីគណបក្សប្រជាជនដូចតែគ្នាហ្នឹងប៉ុន្ដែគ្រាន់តែថាខ្ញុំមិនសូវបានស្គាល់ស៊ីជម្រៅទេការងាររបស់លោក កែប ជុតិមា ប៉ុន្ដែគ្រាន់តែខ្ញុំថាគាត់ធ្វើការអាចមានប្រសិទ្ធភាពបម្រើការងាររដ្ឋសភាឱ្យមានប្រសិទ្ធិភាពទៅ ជាពិសេសយកចិត្តទុកដាក់ទៅលើម្ចាស់ឆ្នោតផងធ្វើមិចជួយម្ចាស់ឆ្នោតផង! ម្ចាស់ឆ្នោតមានទុក្ខធុរៈអីឱ្យខាងតំណាងរាស្ត្រចុះជួបប្រជាពលរដ្ឋឱ្យដឹងពីសុខទុក្ខ»។

អ្នកនាំពាក្យគណបក្សប្រជាជន លោក ឈឹម ផវរុណ ថាពុំមានអ្វីប្លែកនោះទេដែលគណបក្សអាចស្នើសុំសភាជ្រើសតាំងតំណាងរាស្ត្រពីបក្សខ្លួនជំនួសតំណែងសមាជិកចាស់ដែលទទួលមរណភាព ឬបាត់បង់ពីការងារនោះ។ លោកថាការសម្រេចចិត្តរបស់គណបក្សគឺពិនិត្យមើលពីគុណសម្បត្តិរបស់បេក្ខជនដែលមើលទៅសាកសមនឹងការងារ។

លោកថា៖ «ធម្មតាគណបក្សមួយគេជ្រើសតាំងគឺគេពិនិត្យពីលក្ខណៈសម្បត្តិរបស់បេក្ខជនហើយ»។

ចំពោះការចោទប្រកាន់ថាសមាជិកសភាបក្សប្រជាជនមិនសូវចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋនោះ លោក ឈឹម ផវរុណ ស្នើដល់អ្នកចោទប្រកាន់ទាំងនោះទៅសាកសួរពីការងាររបស់អ្នកតំណាងរាស្ត្រពីរដ្ឋសភាដោយផ្ទាល់វិញ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៩៥បានចែងថា ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើង៦ខែ យ៉ាងតិច មុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះតាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត។

ប្រការ១០ ថ្មី នៃបទបញ្ជាផ្ទៃក្នុងសភា កថាខណ្ឌទី១បានសរសេរថា ក្នុងករណីធម្មតា រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងដាច់ដោយឡែកពីគ្នានូវសមាជិកគណៈកម្មការនានានៃរដ្ឋសភា។ គណៈកម្មការនីមួយៗ ត្រូវជ្រើសតាំង ប្រធានមួយរូប អនុប្រធានមួយរូប និងលេខាធិការមួយរូបដោយវិធីបោះឆ្នោត។

លោក កែប ជុតិមា អាយុ៧២ឆ្នាំ ធ្លាប់ជាអភិបាលរាជធានីភ្នំពេញអស់រយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៣ បច្ចុប្បន្នជាសមាជិកសភាគណបក្សប្រជាជនកម្ពុជា មណ្ឌលភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក