ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

នាយករដ្ឋមន្ត្រីធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅវ៉ាស៊ីនតោន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំពីកំពូលពិសេសអាស៊ាន-អាមេរិក២០២២។ អ្នកតាមដានយល់ថាកម្ពុជាអាចមានឱកាសច្រើនក្នុងការបង្កើនទំនាក់ទំនងល្អជាមួយអាមេរិកឡើងវិញ។

យន្តហោះពិសេសជូនដំណើរ សម្ដេចតេជោ ឆ្ពោះទៅទឹកដីអាមេរិកបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោងប៉ុន្មាន ៧និង ៤៥នាទីព្រឹក។ សម្ដេចនឹងអវត្តមានពីកម្ពុជាប្រមាណជាង ៥ថ្ងៃ រហូតដល់ថ្ងៃទី១៥ ខែឧសភា ទើបមកដល់រាជធានីភ្នំពេញវិញ។

ជារឿងដ៏សោកសៅមួយផងដែរ នៅពេលដែលបងប្រុសរបស់សម្ដេចតេជោគឺសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ទើបនិងមរណភាព ហើយសម្ដេចត្រូវចេញដំណើរចាកចេញពីប្រទេសនៅថ្ងៃនេះ។

សម្ដេចតេជោបានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេចនៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ថា សម្ដេចពិតជាពិបាកឈានជើងចេញពីក្រុមគ្រួសារក្នុងពេលដែលសម្ដេចមិនទាន់ធ្វើបុណ្យខួប៧ថ្ងៃជូនសម្ដេចឧត្តមទេពញាណនៅឡើយ។ ទោះជាយ៉ាងណាភារកិច្ចជាតិលើកនេះសម្ដេចមិនអាចអាក់ខានបានទេ ដោយសារសម្ដេចគឺជាប្រធានអាស៊ាន។

សម្ដេចតេជោសរសេរយ៉ាងដូច្នេះថា៖ «ពិតជាពិបាកឈានជើងចេញនៅពេលក្រឡេកឃើញមុខបងថ្លៃ ក្មួយៗដែលហៅខ្ញុំថាពុក ចៅៗដែលហៅខ្ញុំថាតាមានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក។ ភារកិច្ចប្រទេសជាតិតម្រូវអោយខ្ញុំចាកចេញដោយខានមិនបាននោះគឺដឹកនាំប្រតិភូទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន។ កាលពីឆ្នាំ២០១៩ ខ្ញុំអាក់ខានទៅប្រជុំអាស៊ាន-កូរ៉េ និង មេគង្គ-កូរ៉េ ម្តងរួចហើយ ដោយសារពេលនោះម្តាយក្មេកខ្ញុំកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ លើកនេះមិនអាចអាក់ខានបានទេ ដោយខ្ញុំមានតួនាទីជាប្រធានអាស៊ានដែលត្រូវមានមុខគ្រប់អង្គប្រជុំដែលរៀបចំឡើងដោយប្រទេសម្ចាស់ផ្ទះ។ ខ្ញុំមិនអាចចាត់តាំងតំណាងអោយចូលរួមប្រជុំដូចកាលមិនទាន់ធ្វើជាប្រធានអាស៊ានបានឡើយ»។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរុង្គ បានឱ្យអ្នកសារព័ត៌មានដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់សហរដ្ឋអាមេរិកនៅពេលនេះនឹងមានជំនួប និងទទួលទានអាហារជាមួយមេដឹកនាំកំពូលអាមេរិកទាំងសភា និងប្រធានាធិបតីដែលបង្ហាញនូវសញ្ញាវិជ្ជមាននៃទំនាក់ទំនងកម្ពុជាអាមេរិក។ ក្រៅពីនោះសម្ដេចតេជោក៏នឹងជួបពិភាក្សាជាមួយមេដឹកនាំបណ្ដាប្រទេសនៅតំបន់អាស៊ាន និងប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកផងដែរ។

ទោះជាយ៉ាងណាលោក ស្រី ថាមរុង្គ បញ្ជាក់ថា ពុំមានជំនួបទ្វេភាគីរវាងសម្ដេចតេជោ និងប្រធានាធិបតីអាមេរិកនោះទេ ដោយសារភាគីអាមេរិកស្នើសុំ។

លោកថា៖ «តាមជាក់ស្ដែងគឺអញ្ចឹងហើយបានប្រធានាធិបតីអាមេរិកគាត់ធ្វើជំនួបមួយគឺជំនួបបាយពេលល្ងាចសំណេះសំណាលគ្នាដូចនឹងជំនួបដែរ ប្រហែលគេធ្វើកុំឱ្យច្រណែនគ្នាមើលទៅ។ ដូច្នេះយើងថាក្នុងពេលដែលជួបគ្នាក្នុងឱកាសជួបគ្នាបាយល្ងាចនោះគឺមានឱកាសជួបគ្នាមួយៗ ព្រោះកម្មវិធីចូលទៅម្នាក់ម្ដង។ យើងឃើញកម្មវិធីប្រជុំអាស៊ានយើងឃើញថាមេដឹកនាំម្ចាក់ចូលទៅ មេដឹកនាំម្នាក់ទៀតចូលត ដូចយើងធ្លាប់ឃើញហើយដូច្នេះឱកាសសម្រាប់ថ្នាក់ដឹកនាំអាស៊ានជួបជាមួយប្រធានាធិបតី ចូ បៃឌិន ក្នុងលក្ខណៈមិនទូលាយទេ ព្រោះថាមិនមានអ្នកចូលរួមច្រើនទេ! មួយបូកមួយ ក្នុងពេលបាយល្ងាចហ្នឹង ហើយហ្នឹងអ្នកកត់ត្រាទេ។ ដូច្នេះថ្នាក់ដឹកនាំអាមេរិកនឹងអាស៊ានគឺថាមានពេលវេលានឹងជជែកដោយសេរីបានន័យថាជជែកគ្នារឿងអីក៏បានដែរវាដូចនឹងការជួបគ្នាដែរ»។

អ្នកតាមដានបញ្ហាសង្គមលោកបណ្ឌិត សេង សារី យល់ថាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ គឺជាឱកាសមួយដ៏សំខាន់ជាពិសេសគឺសម្រាប់កម្ពុជាតែម្ដង ក្នុងនាមជាប្រធានអាស៊ាននិងក្នុងនាមជាប្រទេសដែលអាមេរិកមើលឃើញក្នុងផ្លូវអវិជ្ជមានច្រើន អាចប្រើឱកាសនេះជជែកធ្វើឱ្យមានការយោគយល់គ្នាដើម្បីទទួលបានការសហការបន្ថែមបង្កើនទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិកឡើងវិញ។

លោកថា៖ «បើសិនជាក្នុងករណីកម្ពុជាមានភាពឆ្លាតវៃក្នុងការយកបញ្ហាដែលមានការភ័ន្តច្រលំ ឬក៏ប្រឈមដាក់គ្នាសង្ស័យគ្នានេះមកជជែកដោយឡែកក្នុងនាមជាភាគីកម្ពុជាអាមេរិកខ្ញុំគិតថាកម្ពុជាអាចនឹងដោះស្រាយបញ្ហាបាន ឬក៏មានការបង្ហាញពីភស្ភុតាងមួយចំនួនជាពិសេសការដែលអាមេរិកចោទកម្ពុជាពាក់ព័ន្ធនឹងមូលដ្ឋានទ័ពចិន ។ល។»។

កិច្ចប្រជុំកំពូលអាស៊ានអាមេរិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ និង១៣ ខែឧសភាខាងមុខ។ កិច្ចប្រជុំកំពូលនេះ ជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំនៃសហរដ្ឋអាមេរិក និងអាស៊ានគិតចាប់តាំងពីឆ្នាំ២០១៧មក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក