ភ្នំពេញ៖ សួនរុក្ខជាតិអង្គរជាង ១៥ហិកតា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ដែលនឹងបម្រើឲ្យវិស័យទេសចរណ៍ក៏ដូចជាការសិក្សាស្រាវជ្រាវ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
យោងតាមមន្រ្តីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា សួនរុក្ខជាតិអង្គរមានទំហំផ្ទៃដីប្រមាណជិត ១៥ហិកតា ដោយមានរៀបចំជាសួនសំខាន់ៗជាច្រើន តាមរយៈការដាំកូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗ សរុបជាង ៥០០ប្រភេទផ្សេងៗគ្នា។
នៅសួននេះដែរក៏មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗ ចំនួន ៥សួន ដែលបានបង្កើតឡើងក្នុងរចនាបថបែបខ្មែរ រួមមាន សួនឱសថនិងគ្រឿងទេស សួនផ្កាស្មៅនិងផ្កាចម្រុះ សួនអំបូរត្នោត សួនលំនៅឋានខ្មែរ សួនព្រៃឈើនិងសត្វព្រៃអង្គរជាដើម។
សួននីមួយៗមានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ និងធ្វើការងារសិក្សាស្រាវជ្រាវ។ ការបង្កើតឱ្យមានសួនរុក្ខជាតិអង្គរនេះដែរ ក៏ដើម្បីបង្កើនកិច្ចអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរផងដែរ។
សួនរុក្ខជាតិអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសេះ ឃុំគោកចក ក្រុងសៀមរាប ពោលគឺនៅក្នុងតំបន់អង្គរតែម្តង៕