សមត្ថកិច្ចកំពុងតាមចាប់ខ្លួនមន្ត្រីនគរបាលស័ក្តិ ៤កន្លះម្នាក់ក្រោយទាញកាំភ្លើងបាញ់ពលរដ្ឋរបួសធ្ងន់
បន្ទាយមានជ័យ៖ នគរបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងតាមចាប់ខ្លួននាយរងការិយាល័យកិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃម្នាក់ពាក់ព័ន្ធនឹងករណីដកកាំភ្លើងបាញ់ពលរដ្ឋម្នាក់បណ្ដាលឱ្យរបួសធ្ងន់ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចាក់មួយកន្លែង ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកអូរជ្រៅឱ្យដឹងថាមន្ត្រីស័ក៤ ដែលកំពុងតាមចាប់នោះមានឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ ៤២ឆ្នាំ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃមកស្នាក់នៅបណ្តោះអាសន្ននៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ដើមហេតុដែលបណ្ដាលឱ្យមានការដកកាំភ្លើងបាញ់មកលើពលរដ្ឋនោះគឺដោយសារជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ ៥៥ឆ្នាំ ភេទប្រុស នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាអ្នកស៊ីឈ្នួលមើលសត្វក្របីឱ្យគេប្រហែលជា១០០ក្បាល។ នៅថ្ងៃកើតហេតុក្របីដែលជនរងគ្រោះឃ្វាលនោះបានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក ពេលនោះជនបង្កជាម្ចាស់បានប្រាប់ឱ្យជនរងគ្រោះដេញក្របីចេញពីដីរបស់ខ្លួន កុំឱ្យស៊ីស្មៅព្រោះស្មៅនោះទុកឱ្យសត្វពពែរបស់គេស៊ី។ ជនរងគ្រោះក៏បានទៅដេញក្របីឱ្យចេញ រួចក៏អង្គុយលេងជាមួយទាហ៊ាននៅក្បែរកន្លែងកើតហេតុ ក្រោយមកមិនដឹងជាយ៉ាងមិចស្រាប់តែជនបង្ក បានទាញកាំភ្លើងម៉ាក់វាំងឡុង (ជាប្រភេទកាំភ្លើងបាញ់សត្វ) បាញ់ទៅលើជនរងគ្រោះចំនួន១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់តែម្ដង។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់ ចំណែកជនបង្កកម្លាំងនគរបាលស្រុកអូរជ្រៅកំពុងតាមចាប់ខ្លួនយកទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់៕