បារាំង៖ ប្រធានាធិបតីបារាំង Emmanuel Macron បានអធិប្បាយជុំវិញហេតុការណ៍ហិង្សា "ទះកំភ្លៀង" មកលើលោក ដោយលោកបានហៅវាថាជាហេតុការណ៍ដាច់ដោយឡែកមួយប៉ុណ្ណោះ។ លោក Macron បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖ "ពួកយើងគួរតែទុកហេតុការណ៍ដែលកើតឡើងនេះចោលក្នុងទស្សនៈរៀងៗខ្លួនទៅចុះ។ យើងមិនគួរបណ្តោយឱ្យប្រភេទមនុស្សដែលមានចរិតហិង្សាជ្រុលនិយម គ្របដណ្តប់បានលើវេទិកាជាសាធារណៈនេះឡើយ។ ពួកគេមិនគួរទទួលបានការយកចិត្តទុកដាក់នោះទេ"។
លោក Emmanuel Macron បានធ្វើដំណើរចុះសាកសួរប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីដឹងពីស្ថានភាពរស់នៅ និងផលប៉ះពាល់ក្នុងជីវភាពដែលកើតមានអំឡុងវិបត្តិកូវីដ-១៩។
គួរបញ្ជាក់ថា ហេតុការណ៍ហិង្សានេះកើតឡើងដោយបុរសម្នាក់បានទះកំភ្លៀងលោកប្រធានាធិបតី ក្នុងពេលដែលលោកបានដើរចូលទោកាន់ហ្វូងមនុស្សដែលស្វាគមន៍វត្តមានលោក ក្នុងតំបន់ Drome ស្ថិតនៅភាគអាគ្នេយ៍ប្រទេសបារាំង។ ក្រោយហេតុការណ៍នេះ បុរសពីរនាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅនឹងកន្លែង ហើយត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាទៅលើអាជ្ញាធរបំពេញតួនាទីសាធារណៈ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ក្នុងស្រុករបស់បារាំង BFM TV៕