ភ្នំពេញ៖ រដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានផ្ញើលិខិតផ្លូវរដ្ឋមួយច្បាប់ផ្ញើជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរំលែកទុក្ខចំពោះមរណភាពបងប្រុសរបស់សម្ដេច គឺសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយសារគាំងបេះដូង។
ក្នុងលិខិតនោះលោក ផាម មិញជិញ បានលើកឡើងថា៖ «យើងខ្ញុំបានទទួលដំណឹងថា ឯកឧត្ដមព្រឹទ្ធចារ្យ ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ជាបងប្រុសជាទីស្រឡាញ់របស់សម្តេចតេជោនាយករដ្ឋមន្តី្រ បានទទួលមរណភាព កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ជំនួសមុខរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ បំផុតជាមួយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារទាំងអស់នៃសព។ ខ្ញុំសង្ឃឹមថា សម្ដេចតេជោ នាយករដ្ឋមន្ត្រីនិងក្រុមគ្រួសារ អាចជំនះការបាត់បង់ដ៏ធំធេងនេះ»។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខពីនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម។
ក្នុងលិខិតផ្ញើជូននាយករដ្ឋមន្ត្រីវៀតណាមវិញសម្ដេចតេជោបានលើកឡើងថា៖ «ខ្ញុំនិងភរិយាបានទទួលដោយអំណរគុណដ៏ជ្រាលជ្រៅនូវសាររំលែកទុក្ខរបស់ឯកឧត្តមផ្ញើជូនខ្ញុំ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពបងប្រុសបង្កើតជាទីស្រឡាញ់របស់ខ្ញុំ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ ខ្ញុំ និងភរិយាមានក្តីរំភើបណាស់ចំពោះសមានចិត្តដ៏ប្រពៃរបស់ឯកឧត្តម ដែលបានចូលរួមមរណទុក្ខ ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងគ្រាដែលយើងខ្ញុំទាំងអស់គ្នាកំពុងតែសោកសៅឥតឧបមា ដោយសារការបាត់បង់ដ៏ធំធេងនេះ»។
សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពរបស់សម្ដេច ហ៊ុន ណេង ត្រូវបានក្រុមគ្រួសារដាក់តម្កល់នៅគេហដ្ឋានក្នុងខេត្តកំពង់ចាម មុននឹងដង្ហែរទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី៩ ខែឧសភា ខាងមុខ៕