ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្រ្តីព័ត៌មានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយជំរុញពលរដ្ឋឱ្យចូលរួមលើកកម្ពស់វិស័យកីឡា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់វិស័យកីឡា ព្រោះកីឡាមិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយកសាងកេរ្តិ៍ឈ្មោះប្រទេសជាតិផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ SEA Games និង PARAGames ឆ្នាំ២០២៣ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងសាលប្រជុំនៃពហុកីឡដ្ឋានជាតិមរតកតេជោ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ មានប្រសាសន៍ ដោយជំរុញដល់អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី ត្រូវឧស្សាហ៍បំផុសអំពីវិស័យកីឡា ដែលស្របតាមពាក្យស្លោកថា «ប្រជាជនម្នាក់កីឡាមួយមុខ» និងព្យាយាមបង្ហាញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីឱ្យប្រជាពលរដ្ឋ បានស្គាល់និងយល់កាន់តែច្បាស់ ពីវិស័យកីឡា និងលើកកម្ពស់វិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានបន្តថា ក្នុងឱកាសដែលកម្ពុជាត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games និង PARAGames ឆ្នាំ២០២៣ នាពេលខាងមុខ គឺអ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ ក្នុងការរិះរកគន្លឹះ រំលេចអំពីវិស័យកីឡានេះឱ្យបានច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្រោះព្រឹត្តិការណ៍កីឡាធំៗទាំងនេះ បានជួយលើកមុខមាត់ប្រទេសជាតិ ឱ្យបណ្ដាប្រទេសដទៃទៀតបានស្គាល់និងបានដឹងអំពីសមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជាថែមទៀត ។

លោករដ្ឋមន្ត្រីលើកឡើងថា៖ «ទី១ យើងត្រូវរកគន្លឹះបំផុសប្រជាពលរដ្ឋយើងឱ្យយល់ពីទម្លាប់ថ្មី ទី២ បំផុសកីឡាឲ្យប្រជាពលរដ្ឋស្រឡាញ់កីឡា អាចលើកពីប្រវត្តិកីឡានេះ កីឡានោះ ទី៣ រើសរកមើលពន្លកថ្មី ទំពាំងថ្មី ដែលការងារទាំងបីនេះ គឺជាភារកិច្ចរបស់អ្នកសារព័ត៌មាន ក្នុងប្រព័ន្ធផ្សព្វផ្សាយ ខាងគណៈកម្មការកីឡាគេបណ្ដុះបណ្ដាលកីឡាករ កីឡាការិនី ប៉ុន្តែយើងមានតួនាទីក្នុងការផ្សព្វផ្សាយ ដើម្បីលើកកីឡាករ កីឡាការិនីរបស់យើង ហើយគិតថា បើសិនជាយើងធ្វើបានល្អយើងនឹងទទួលបានជោគជ័យ មួយវិញទៀត ការបង្ហាញជោគជ័យកីឡានេះគឺសំខាន់ណាស់»។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ផងដែរ ។ បន្ទាប់មកកម្ពុជានឹងបន្ដរៀបចំព្រឹត្តិការណ៍ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក