ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យក្រសួងការពារជាតិរៀបចំកងកាំជ្រួចការពារអាកាសរយៈចំងាយមធ្យម ចំណុះឱ្យបញ្ជាការដ្ឋានការពារអាកាសនៃអគ្គបញ្ជាការដ្ឋាន។
ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ បានសម្រេចដោយយោងតាមសំណើរបស់ក្រសួងការពារជាតិ និងឱ្យជ្រើសរើសពលទាហានថ្មីចំនួន ៤០២នាក់ ដើម្បីរៀបចំកងនេះ។
ថ្លែងក្នុងពិធីសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ឆ្នាំសិក្សា២០២០-២០២១ នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនត្រូវការយន្តហោះចម្បាំងសម្រាប់បាញ់គ្នានៅលើអាកាសនោះទេ អ្វីដែលត្រូវការគឺកងទ័ពការពារអាកាសដែលសម្ដេចថាជា «សំណាញ់មេឃ»។
សម្ដេចថា៖ «កម្ពុជាអត់ចាំបាច់យកយន្តហោះទៅបាញ់គ្នាលើអាកាសទេ។ យើងត្រូវការកងទ័ពការពារអាកាសដែលហៅថា សំណាញ់មេឃ»។
នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឆ្លងតាមបទពិសោធន៍សង្គ្រាមដែលសម្ដេចធ្លាប់ឆ្លងកាត់គឺសម្ដេចបានដឹងពីចំណុចខ្សោយនៃយន្តហោះចម្បាំងច្រើនណាស់ ដែលសុទ្ធតែទ័ពការពារអាកាសអាចត្រៀមដើម្បីទប់ទល់ការវាយប្រហារបាន៕