ព្រឹកថ្ងៃចន្ទនេះ លោក គួច ចំរើន នឹងត្រូវបានប្រកាសឱ្យចូលកាន់តំណែងអភិបាលខេត្តកណ្ដាលជាផ្លូវការ | នាយករដ្ឋមន្ត្រីប្ដេជ្ញាបន្តការពារអភិរក្សបឹងទន្លេសាប | សម្ដេចធិបតី៖ សុខភាពប្រជាពលរដ្ឋគឺសំខាន់ | តបតាមការអញ្ជើញពីរដ្ឋមន្រ្តីការបរទេសកម្ពុជា! រដ្ឋមន្រ្តីការបរទេសជប៉ុននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី៥-៦ ខែកក្កដានេះ |

ប្រធានរដ្ឋសភាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ហ៊ុន ណេង

កំពង់ចាម៖ ប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានដឹកនាំសមាជិករដ្ឋសភាទៅដាក់កម្រងផ្កានិងគោរពវិញ្ញាក្ខន្ធសពតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា លោក ហ៊ុន ណេង ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណសាសនា នាគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅរសៀលថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

សម្តេចប្រធានរដ្ឋសភា បានបង្ហាញសេចក្តីរន្ធត់ក្នុងចិត្ត និងសោកស្តាយចំពោះមរណភាពរបស់លោក ហ៊ុន ណេង ដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសពទាំងអស់ ក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុត។

មរណភាពរបស់លោក ហ៊ុន ណេង គឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយ ដែលជាឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ មាតិភូមិរហូតមក។

សម្តេចពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះវីរភាព គុណបំណាច់ដ៏ធំធេងក្នុងការចូលរួមចំណែកតស៊ូរំដោះប្រទេសជាតិ និងការអភិវឌ្ឍន៍ជាតិមាតុភូមិគ្រប់កាលៈទេសៈ។ ពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក និងបានបួងសួងឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។

គួរឱ្យដឹងផងដែរថា បងប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង។ បច្ចុប្បន្នសពរបស់លោក ហ៊ុន ណេង ត្រូវបានក្រុមគ្រួសារដាក់តម្កល់នៅគេហដ្ឋានក្នុងខេត្តកំពង់ចាម មុននឹងដង្ហែទីបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី៩ ខែឧសភា ខាងមុខ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក