
គណបក្សប្រជាជនកត់ត្រានូវស្នាដៃ វីរភាព និងឧត្តមគតិរបស់លោក ហ៊ុន ណេង ទុកសម្រាប់មនុស្សជំនាន់ក្រោយ
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានសម្ដែងនូវទុក្ខក្រៀមក្រំចំពោះមរណភាពរបស់សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស លោក ហ៊ុន ណេង ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ ដោយជំងឺបេះដូង នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានលើកឡើងថាកន្លងទៅលោក ហ៊ុន ណេង ធ្លាប់បានតស៊ូ និងធ្វើសកម្មភាពគ្រប់បែបយ៉ាងក្នុងការបម្រើដល់ប្រយោជន៍សង្គមជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា ដែលគណបក្សនឹងចងចាំ និងសូមកត់ត្រាទុកនូវស្នាដៃទាំងនេះសម្រាប់ជាតិនិងប្រជាជនផងដែរ។
ក្នុងលិខិតចូលរួមមរណទុក្ខបានសរសេរថា៖ «គណបក្ស សូមកត់ត្រាទុកនូវរាល់ស្នាដៃ វីរភាព និងឧត្តមគតិរបស់ឯកឧត្តម ហ៊ុន ណេង ដែលបានបន្សល់ទុកសម្រាប់ជាតិ និងប្រជាជនកម្ពុជា»។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល បានចូលរួមរំលែកនូវមរណទុក្ខដោយក្តី សោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសពលោក ហ៊ុន ណេង ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់របស់លោកបានទៅកាន់សុគតិភពកុំបីខាន។
គួរឱ្យដឹងផងដែរថា បងប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង។ បច្ចុប្បន្នសពរបស់លោក ហ៊ុន ណេង ត្រូវបានក្រុមគ្រួសារដាក់តម្កល់នៅគេហដ្ឋានក្នុងខេត្តកំពង់ចាម មុននឹងដង្ហែទីបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែឧសភា ខាងមុខ៕