ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រុមអ្នករកស៊ីអាមេរិកស្នើដល់រដ្ឋាភិបាលអនុវត្តគោលនយោបាយកាត់បន្ថយការប្រើប្រាស់រថយន្ដដែលប្រើប្រាស់រួច

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៅទីស្ដីការក្រសួងសេដ្ឋកិច្ចនារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយបានស្នើដល់រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើចំនុចមួយចំនួន សំដៅលើកកម្ពស់បរិយាកាសវិនិយោគកម្ពុជា ខណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចបញ្ជាក់ថារដ្ឋាភិបាលមានគោលនយោបាយរបស់ខ្លួនដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនៃសេដ្ឋកិច្ច។

ក្នុងជំនួបកាលពីថ្ងៃទី៤ ខែឧសភា នោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ដឹកនាំដោយលោក Michael Michalak បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តន៍គោលនយោបាយកាត់បន្ថយការប្រើប្រាស់រថយន្តដែលបានប្រើប្រាស់រួច ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន និងលើកកម្ពស់វិស័យឧស្សាហកម្មផលិតរថយន្តក្នុងប្រទេសកម្ពុជា ជំរុញកសាងសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម។ អភិវឌ្ឍជំនាញបច្ចេកវិទ្យា និងការទូទាត់ឌីជីថល ដើម្បីគាំទ្រដល់សេដ្ឋកិច្ចឌីជីថល ពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធ ធានានូវការផ្ដល់ហិរញ្ញប្បទាន និងវិនិយោគគ្រប់គ្រាន់សម្រាប់វិស័យសុខាភិបាល និងជំរុញការធ្វើអន្តរកាលថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ពីស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការចូលរួមវិស័យឯកជនក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការអនុវត្តគោលនយោបាយសំខាន់ៗដែលមានដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ ច្បាប់ស្ដីពីការវិនិយោគថ្មី ច្បាប់ស្ដីពីភាពជាដៃគូររវាងរដ្ឋនិងឯកជន។ ព្រមទាំងកំពុងត្រៀមដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀតដូចជា គោលនយោបាយសារពើពន្ធដើម្បីជំរុញយានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមឆ្នាំ២០២២-២០២៦ និងផែនទីបង្ហាញផ្លូវសម្រាប់ការធានារ៉ាប់រងសុខភាពជាសកល។

សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជាដោយតម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានចំនួនសរុបជិត៨ពាន់លានដុល្លារអាមេរិក ខណៈវិនិយោគដែលទទួលបានពីសហរដ្ឋអាមេរិកមកកម្ពុជាបានកើនដល់ ៨៦៣លានដុល្លារក្នុងឆ្នាំ២០២១។

គួរឱ្យដឹងផងដែរថា តំណាងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដែលបានធ្វើទស្សនកិច្ចនៅកម្ពុជាពេលនេះមានតំណាងមកពីក្រុមហ៊ុន 3M, Abbott, Chevron, Conoco Phillips, ExxonMobil, Ford, Meta, Visa, Pernod Ricard, Philip Morris, RMS Group និង Roche៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក