ភ្នំពេញ៖ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីសេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) បានបង្ហាញរបាយការណ៍ការងាររយៈពេល ៦ខែរបស់ខ្លួនដោយក្នុងនោះបានជួយដល់ជនមានពិការភាពចំនួន ៦១០នាក់ទទួលបានមុខរបរនិងការងារ និងបានបណ្ដុះបណ្ដាលភាពជាសហគ្រិនដល់ស្រ្តីមានពិការភាពចំនួន ២២រូប ខណៈអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានជំរុញការងារនេះបន្ថែម។
ក្នុងកិច្ចប្រជុំប្រចាំត្រីមាសលើកទី១០ ផ្នែកពិការភាព កម្មវិធីសហប្រតិបត្តិការការអូស្ត្រាលី-កម្ពុជាដើម្បីសេវាប្រកបដោយនិរន្តភាព និងសមធម៌ (ACCESS) លេខាទី២ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ខនណ័រ ហ្វួដ បានលើកឡើងថា ក្នុងរយៈពេល ៦ខែ គិតចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២២ កម្មវិធី ACCESS បានជួយស្ដារនីតិសម្បទាដល់ជនមានពិការភាពសរុបចំនួន ៩ ៦៨៦នាក់ ក្នុងនោះ ៣ ២២៦នាក់ជាស្ត្រី។ ក្រៅពីនេះកម្មវិធីក៏បានជួយដល់ជនមានពិការភាពសរុបចំនួន ៦១០នាក់ ទទួលបានឱកាសការងារ។ ធ្វើការដោយខ្លួនឯងចំនួន ២៤នាក់ ទទួលបានការងារក្នុងស្ថាប័នផ្សេងៗចំនួន ៤៣នាក់ ទទួលបានកម្ចីសម្រាប់រកស៊ីចំនួន ១៣នាក់ និង៤៩៧នាក់បានទទួលការបង្វឹក និងការប្រឹក្សាអាជីពក្នុងកំឡុងខែតុលា ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២២។ ក្រៅពីនេះក៏មានកិច្ចការជាច្រើនទៀតដូចជាពង្រឹងសមភាពយេនឌ័រ ជួយឆ្លើយតបនឹងគ្រោះមហន្តរាយ ការស្វែងរកកិច្ចសហការ និងរៀបចំទិន្នន័យផងដែរ។
លោកបានបង្ហាញការគាំទ្រចំពោះការងារដែលជាកិច្ចសហការរវាងអូស្ត្រាលី និងកម្ពុជានេះ និងសង្ឃឹមថានឹងការងារក្នុងវិស័យសកម្មភាពជនពិការនៅកម្ពុជាកាន់តែរីកចម្រើនថែមទៀត។
លោក ខនណ័រ ហ្វួដ ថា៖ «ខ្ញុំមានទំនុកចិត្តថា តាមរយៈភាពជាដៃគូ ACCESS ដ៏ធំរបស់យើង ប្រមូលផ្តុំអ្នកជំនាញ និងការប្តេជ្ញាចិត្តដ៏រឹងមាំ ហើយក្រោមការណែនាំរបស់ឯកឧត្តម ឯម ច័ន្ទមករា យើងអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបាន។ ក្នុងនាមជាសហការីរបស់ខ្ញុំ និងខ្ញុំងាកនឹងការបញ្ចប់នៃការត្រួតពិនិត្យកម្មវិធី និងការរៀបចំកម្មវិធី ACCESS បន្តទៀត (អាចហៅថា ACCESS II) ដែលនឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ឆ្នាំ២០២២ ដោយការដាក់បញ្ចូលពិការភាពនៅគ្រប់កម្រិតទាំងអស់ រួមទាំងនៅក្នុងការបង្កើតគោលនយោបាយ ការរៀបចំកម្មវិធី និងការអនុវត្តគឺជាអ្វីដែលយើងបានគិត»។
ប្រធានផ្នែកពិការភាពនៃកម្មវិធី លោក ជូ វិវឌ្ឍន៍ បានឱ្យដឹងថា កម្មវិធី ACCESS បានរួមចំណែកក្នុងការអនុវត្តន៍ផែនការយុទ្ធសាស្ត្រស្ដីពីពិការភាព ២០១៩-២០២៣ ដោយបានជួយជនមានពិការភាព រកការងារធ្វើ ទទួលបានសេវាសុខភាព និងស្ដារលទ្ធភាពពលកម្ម បង្កលក្ខណៈងាយស្រួល ជួយដល់សមភាពយេនឌ័រ ជួយឆ្លើយតបនឹងគ្រោះមហន្តរាយ និងសហប្រតិបត្តិការ និងទិន្នន័យពិការភាព។
បើតាមលោក ជូ វិវឌ្ឍន៍ ក្នុងការអនុវត្តន៍ការងារចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ ខែមីនា ឆ្នាំ២០២២ កម្មវិធី ACCESS បានរៀបចំវេទិកាជាតិស្ដីពីការងារនិងមុខរបរប្រកបដោយបរិយាបន្នពិការភាព និងបានរៀបចំកម្មវីធីទូរស័ព្ទជួយរកការងារដល់ជនមានពិការភាពដែលមានឈ្មោះថា «ឱកាស» ផងដែរ។
ក្នុងការរៀបចំកម្មវិធីទូរស័ព្ទដៃឈ្មោះថា «ឱកាស» នេះ ACCESS បានចងក្រងនិងប្រមូលទិន្នន័យពីជនមានពិការភាពផងដែរ ដែលបានរកឃើញថាមានជនមានពិការភាពជាង១៤ម៉ឺននាក់កំពុងតែអត់ការងារធ្វើ។ នេះបើតាមការឱ្យដឹងពីប្រធាននាយកដ្ឋានសុខមាលភាពជនពិការ យៀប ម៉ាលីណូ។ លោកបន្ថែមថាបច្ចុប្បន្នរដ្ឋាភិបាលកំពុងប្រមូលវិស័យឯកជនដើម្បីចូលរួមក្នុងការជ្រើសរើសនិងទទួលជនមានពិការភាពបន្ថែមផងដែរ។
លោកថា៖ «ឥឡូវយើងគ្រប់គ្រងបងប្អូនមានពិការភាពបាន គ្រប់គ្រងទាំងតម្រូវការការងារទីផ្សារការងារបាន។ អញ្ចឹងពលរដ្ឋរបស់យើងដែលមានពិការភាពគាត់មានឱកាសទទួលបាននូវការងារ ឱកាសសេដ្ឋកិច្ច និងមុខរបរ»។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានស្នើឱ្យមានការសិក្សាពីមូលហេតុអ្វីដែលជនមានពិការភាពនៅកម្ពុជាជាង១៤ម៉ឺននាក់មិនទាន់មានការងារធ្វើ ដើម្បីរៀបចំយុទ្ធសាស្ត្រជួយដល់ពួកគាត់បន្ថែម។
លោកថា៖ «ប្រសិនជាយើងអាចធ្វើឱ្យសម្រេចនូវការស្រាវជ្រាវទៅលើកម្រិតវប្បធម៌គាត់ ថាតើ ១៤ម៉ឺននាក់នេះកម្រិតវប្បធម៌គាត់កម្រិតណានោះគឺយើងអាចសន្និដ្ឋានបានហើយ»។
ថ្លែងក្នុងកិច្ចប្រជុំនេះលោក ឯម ច័ន្ទមករា បានសម្ដែងការកោតសរសើរផងដែរនូវសមិទ្ធផលដែលទទួលបាន និងបានជំរុញដកពិសោធន៍ការងារដែលបានធ្វើក្នុងរយៈពេល ៦ខែនេះ ទៅអនុវត្តន៍នៅត្រីមាសបន្ទាប់ឱ្យកាន់តែល្អ។
បើតាមលោក ឯម ច័ន្ទមករា ការចូលរួមពីសំណាក់តំណាងក្រសួង ស្ថានប័នរបស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងក្រោមជាតិ និងពីអង្គការដៃគូ ពិតជាចូលរួមដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពដំណាក់កាលទី២ ជាពិសេសលើអាទិភាពសំខាន់ៗដូចជា គាំទ្រដល់យន្តការសម្របសម្រួលវិស័យពិការភាព ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ គាំទ្រដល់ជនមានពិការភាពក្នុងការទទួលបានសេវាស្តារលទ្ធភាពពលកម្ម សេវាសុខភាព សេវាផ្លូវច្បាប់ ឱកាសមុខរបរនិងការងារ និងសេវាគាំទ្រផ្សេងទៀត គាំទ្រដល់ជនមានពិការភាពក្នុងការទទួលបានអត្ថប្រយោជន៍ផ្សេងៗពីការអនុវត្តកម្មវិធីកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន និងបានគាំទ្រដល់ជនមានពិការភាពក្នុងការចូលរួមទាំងនៅកម្រិតការកសាងគោលនយោបាយ ការអនុវត្ត និងការតាមដានវាយតម្លៃនៃកម្មវិធីផ្សេងៗ។
បច្ចុប្បន្ន ក្រោមជំនួយ ACCESS របស់អូស្ត្រាលី គិតត្រឹមចុងឆ្នាំ២០២១ បានបង្កើតឱកាសការងារដល់ជនមានពិការភាពសរុបចំនួន ៤ ១៧០នាក់ ក្នុងនោះ ១៥៦នាក់ទទួលបានការងារធ្វើ បុគ្គលិកខ្លួនឯង ២៤៣នាក់ និងស្ត្រី ៥៧នាក់ត្រូវបានបណ្ដុះបណ្ដាលឱ្យក្លាយជាសហគ្រិន បន្ថែមក្នុងនោះផងដែរ កម្មវិធី AOKAS ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការផ្គូផ្គងការងាររបស់ជនមានពិការភាពដែលបានចុះឈ្មោះជាមួយនិយោជកផ្នែកឯកជនដែលប្រព័ន្ធនេះនឹងក្លាយជាទិន្នន័យយោងឆ្លងជាមួយប្រព័ន្ធ NEA សម្រាប់ឱកាសផ្គូផ្គងការងារកាន់តែប្រសើរ។
កម្មវិធី Australia-Cambodia Cooperation on for Equitable Sustainable Services (ACCESS) Program គឺជាគំនិតផ្តួចផ្តើមរយៈពេល៥ឆ្នាំ (២០១៨-២០២៣) ដែលធ្វើឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់តាមរយៈនាយកដ្ឋានក្រសួងការបរទេស និងពាណិជ្ជកម្ម (DFAT)។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ អូស្ត្រាលីបានសន្យាផ្តល់ជំនួយចំនួន ១៥លានដុល្លារអូស្ត្រាលីតាមរយៈកម្មវិធី ACCESS ដើម្បីបង្កើននិរន្តរភាព គុណភាព និងរួមបញ្ចូលសេវាកម្មសម្រាប់ជនមានពិការភាព និងសម្រាប់ស្ត្រីដែលរងផលប៉ះពាល់ដោយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។
ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីមានគម្រោងបន្ថែមទឹកប្រាក់ចំនួន ១០លានដុល្លាអូស្ត្រាលីថែមទៀតតាមរយៈកម្មវិធី ACCESS សម្រាប់រយៈពេល ២ឆ្នាំទៀតទៅក្នុងកម្មវិធីរយៈពេល៥ឆ្នាំ (២០១៨-២០២៣) ដើម្បីឆ្លុះរួមចំណែកចំពោះការឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជា រួមទាំងអាទិភាពរបស់ខ្លួនលើការការពារសង្គម៕