ជម្រុះ World Cup អាមេរិកខាងត្បូង៖ ប្រេស៊ីលបន្តឈ្នះ ៦ប្រកួតជាប់គ្នា ខណៈអាហ្សង់ទីន ស្មើកូឡុំប៊ី
អាមេរិកខាងត្បូង៖ ការប្រកួតសន្សំពិន្ទុវគ្គជម្រុះ FIFA World Cup តំបន់អាមេរិកចាងត្បូងនៅព្រឹកថ្ងៃទី ០៩ ខែមិថុនានេះ បានបញ្ចប់ទៅចំនួន១ប្រកួតបន្ថែមទៀត ដោយក្នុងនោះម្ចាស់ជើងឯកពិភពលោក ៥សម័យប្រេស៊ីល បានយកឈ្នះក្រុមប៉ារ៉ាហ្គាយ ក្នុងលទ្ធផល ២-០ ដោយគ្រាប់បាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ PSG, Neymar Jr និងកីឡាករ Paqueta របស់ Olympic Lyon នាំឱ្យប្រេស៊ីលមាន ១៨ពិន្ទុពេញ និងឈរលើកំពូលតារាងវគ្គជម្រុះបន្ទាប់ពីឈ្នះ ៦ប្រកួតជាប់ៗគ្នា។
ដោយឡែក មួយប្រកួតទៀតក៏ជាគូជក់ចិត្តដែរ ពោលគឺអាហ្សង់ទីន បានត្រឹមស្មើគ្នា ២-២ ជាមួយកូឡុំប៊ី បើទោះបីជាក្រុមភ្ញៀវអាហ្សង់ទីនបាននាំមុខទៅលើម្ចាស់ផ្ទះមុន ២គ្រាប់យ៉ាងណាក្តី។ កីឡាករខ្សែការពារវ័យ ២៣ឆ្នាំ Cristian Romero បានបើកការនាំមុខមុននៅនាទី៣ មុននឹងកីឡាករ Paredes បន្ថែមគ្រាប់ទី២ នាំមុខនៅ ៥នាទីក្រោយ។ ប៉ុន្តែក្រុមកូឡុំប៊ី បានតាមស្មើវិញនៅក្នុងវគ្គទី២ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Muriel ក្រោយពីខ្សែការពារ Otamendi បង្កកំហុសទៅលើកីឡាករ Andres Uribe Villa។ អាហ្សង់ទីន ប៊ិះនឹងទទួលបាន ៣ពិន្ទុទៅហើយ តែគួរឱ្យសោកស្តាយនៅក្នុងនាទីទី ៩០+៤ ម្ចាស់ផ្ទះបានបន្ថែមមួយគ្រាប់ទៀតតាមស្មើដោយកីឡាករ Miguel Borja និងចែកគ្នាម្នាក់មួយពិន្ទុក្រោយចប់ការប្រកួត។
សម្រាប់លទ្ធផលផ្សេងៗទៀតរួមមាន អេក្វាដ័រ ចាញ់ ០-១ ជាមួយប៉េរូ, វេណេហ្ស៊ុយអេឡា ០-០ ជាមួយអ៊ុយរូហ្គាយ និងឈីលី ឈ្នះ បូលីវី ១-០។
ក្រោយចប់ការប្រកួតនេះ ប្រេស៊ីលបន្តឈរកំពូលតារាងមាន ១៨ពិន្ទុ តាមពីក្រោយដោយអាហ្សង់ទីនមាន ១២ពិន្ទុ អេក្វាដ័រមាន ៩ពិន្ទុឈរលេខ ៣ ខណៈអ៊ុយរូហ្គាយ និងកូឡុំប៊ីមាន ៨ពិន្ទុស្មើឈរលេខ ៤ និងលេខ ៥៕