សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអំពាវនាវឱ្យជួយផ្តល់ប្រឹក្សាអប់រំពីសុខភាពបន្តពូជបង្ការជំងឺឆ្លងពីម្តាយទៅកូន

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមអបអរសាទរទិវាឆ្មបជាតិ ៥ ឧសភា ២០២២ ដោយថាបានសង្កេតឃើញពីវឌ្ឍនភាព និងស្នាដៃរបស់ក្រសួងសុខាភិបាលដែលបានប្រមូលផ្ដុំកម្លាំងឆ្មបកម្ពុជា ដែលនៅសេសសល់រស់រានមានជីវិត ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ បានពុះពារគ្រប់ឧបសគ្គ ជម្នះរាល់ការលំបាកជួយស្ត្រីក្នុងការថែទាំផ្ទៃពោះ ការសម្រាល និងការថែទាំក្រោយសម្រាល រហូតសម្រេចបានជាជំហានៗនូវកម្រិតអភិវឌ្ឍសព្វថ្ងៃនេះ។ ជាមួយគ្នានេះសម្ដេចបានអំពាវនាវដល់ឆ្មបទាំងអស់បន្តអនុវត្តការងារល្អៗបន្ថែមទៀតនិងជំរុញការអប់រំពីសុខភាពបន្តពូជដល់ពលរដ្ឋផងដែរ។

ក្នុងសារលិខិតអបអរសាទរទិវាឆ្មបជាតិ៥ ឧសភា ឆ្នាំ២០២២ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងកោតសរសើរ និងអរគុណដល់ឆ្មបកម្ពុជាទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង រួមទាំងសុខភាពផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីបំពេញកាតព្វកិច្ចពុះពារការលំបាកចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ផង និងបន្តរក្សាបាននូវការថែទាំសុខភាពជូនស្ដី្រទូទៅ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ឱ្យមានដំណើរការល្អជាប្រចាំ។ សម្ដេចបានអំពាវនាវដល់ឆ្មបទាំងអស់ជួយផ្ដល់ប្រឹក្សាដល់ពលរដ្ឋដោយអប់រំពីសុខភាពបន្តពូជបង្ការជំងឺឆ្លងពីម្តាយទៅកូន ថែរក្សាផ្ទៃពោះ បង្ការ និងរកឃើញឱ្យទាន់ពេលនូវផលវិបាកនានា ផ្ដល់សេវាពន្យារកំណើត និងសេវាចាំបាច់ផ្សេងទៀតទាក់ទងនឹងការងារឆ្មប។

ជាមួយគ្នានេះសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ក៏អំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពតាមកាលកំណត់ របស់គ្រូពេទ្យ ត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ត្រូវពិនិត្យតាមដានសុខភាព ក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ ១១មុខតាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុត ឱ្យបានឆាប់នៅពេលទារកឬកូនតូចគ្រុនក្តៅ ឬមានអាការៈខុសប្រក្រតី ឬពិបាកដកដង្ហើម។

សម្ដេចបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍនានា ដែលបាននិងកំពុងគាំទ្រដល់ការងារឆ្មប ហើយសង្ឃឹម យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កើនលទ្ធភាពវិនិយោគថែមទៀតដើម្បីសម្រេចបានគោលដៅ អភិវឌ្ឍមានចីរភាពឆ្នាំ២០៣០។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលក្នុងការចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ និងដោយប្រយោល តាមបណ្ដាញព័ត៌មាន រួមជាមួយនឹងការពាំនាំនូវសារគន្លឹះសំខាន់ៗ លើកកម្ពស់ការយល់ដឹងរបស់ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ និងស្រ្តីមានផ្ទៃពោះ ស្តីពីសារប្រយោជន៍នៃការពិនិត្យផ្ទៃពោះ ការទៅសម្រាលកូននៅ ម៉ណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានឆ្មបជំនាញ ការថែទាំក្រោយសម្រាល ការលុបបំបាត់ការចម្លងមេរោគ អេដស៍និងស្វាយពីម្ដាយទៅកូន ការបំបៅកូនដោយទឹកដោះម្តាយ ការចាក់វ៉ាក់សាំង១១មុខដល់ទារក ការផ្តល់មានជីវជាតិដល់កុមារ ការដោះស្រាយផ្តល់ស្បៀងសម្រាលការលំបាកដល់ស្រ្តីរាប់ពាន់ គ្រួសារក្នុងមួយឆ្នាំៗ។

អ្វីដែលជាការកត់សម្គាល់របស់សម្ដេចទាក់ទងនឹងចិស័យសុខាភិបាលរបស់កម្ពុជានោះគឺ បើទោះបីជាស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ ក៏ប្រព័ន្ធផ្តល់សេវាថែទាំសុខភាពនៅបន្តដំណើរការជាប្រចាំនៅទូទាំងប្រទេស និងសម្រេចបានលទ្ធផលទៅតាមគោលដៅដូចជា អត្រាមរណភាពមាតាបានបន្តធ្លាក់ចុះពី១៧០ ក្នុងទារកកើតរស់ ១០០ ០០០នាក់ នៅឆ្នាំ២០១៤ មកនៅត្រឹម១៤១ ក្នុងទារកកើតរស់ ១០០ ០០០នាក់ នៅឆ្នាំ២០១៩។ ជាមួយគ្នានេះ អត្រានៃការសម្រាលកូនដោយបុគ្គលិកសុខាភិបាលជំនាញបានកើនពី៨៥% នៅឆ្នាំ២០១៦ ទៅដល់៨៩% នៅឆ្នាំ២០២០។ រីឯអត្រានៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាលក៏បានកើនពី៨០% ទៅ៨៩% នៅក្នុងអំឡុងពេលដូចគ្នានេះ។

គួរឱ្យដឹងផងដែរថាទិវាឆ្មបជាតិ ៥ ឧសភា ឆ្នាំ២០២២នេះត្រូវបានធ្វើឡើងក្រោមប្រធានបទ៖ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានដល់ការគ្រប់ដណ្ដប់សុខភាពជាសកល»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក