
កម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលបន្ថែមម៉ោង ២០០ភាគរយសម្រាប់ការធ្វើការនៅថ្ងៃអាទិត្យចំពេលមានបុណ្យឈប់សម្រាក
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាវិជ្ជាជីវៈបានចេញសេចក្ដីណែនាំនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ ដោយកំណត់ឲ្យកម្មករនិយោជិតដែលមកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះពួកគេនឹងត្រូវទទួលបានប្រាក់ឈ្នួលបន្ថែមម៉ោងក្នុងអត្រាស្មើនឹង ២០០% ឬ ២ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។
នៅក្នុងសេចក្ដីណែនាំនោះបានឲ្យដឹងទៀតថា យោងមាត្រា ១៦២ថ្មី នៃច្បាប់ស្តីពីការងារ ក្រសួងការងារនិងបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ដែល ស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។
ជាមួយគ្នានេះ ប្រសិនបើកម្មករនិយោជិត និងនិយោជកឯកភាពគ្នា មកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះនិយោជកត្រូវគិតប្រាក់ឈ្នួលការធ្វើការបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% (ពីររយភាគរយ) ឬ ២(ពីរ)ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។
ក្រសួងបានលើកជាឧទាហរណ៍ថា៖ «ប្រសិនបើកម្មករនិយោជិតម្នាក់មានប្រាក់ឈ្នួលសុទ្ធសាធប្រចាំខែ ២០០$ (ពីររយដុល្លារអាមេរិក) ក្នុងមួយខែ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ កម្មករ និយោជិតនោះនៅតែទទួលបានប្រាក់ឈ្នួលចំនួន ២០០$ (ពីររយដុល្លារអាមេរិក) ក្នុងមួយខែដដែល។ តែបើកម្មករនិយោជិតនោះ ស្ម័គ្រចិត្តមកធ្វើការបន្ថែមនៅថ្ងៃឈប់បុណ្យដែលជាថ្ងៃអាទិត្យនោះ កម្មករនិយោជិតត្រូវ ទទួលបានប្រាក់ឈ្នួលបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% (ពីរយភាគរយ) ឬ ២(ពីរ)ដង នៃប្រាក់ឈ្នួលតាមការគណនា ដោយយកចំនួនប្រាក់ខែសរុប ទៅចែកនឹងចំនួនថ្ងៃធ្វើការធម្មតាដែលមាន ២៦ថ្ងៃ ហើយយកទៅគុណនឹង២ដង។ បន្ទាប់មកត្រូវយកលទ្ធផលនោះទៅបូកនឹងប្រាក់ឈ្នួលសុទ្ធសាធគឺ ២០០ដុល្លារ ដែលនឹងទទួលបានលទ្ធផល ២១៥.៣៨ដុល្លារ»។
នេះមានន័យថា កម្មករនិយោជិត នឹងទទួលបានប្រាក់បន្ថែមម៉ោង ១៥,៣៨ដុល្លារ សម្រាប់ការមកធ្វើការបន្ថែមម៉ោងនៅថ្ងៃអាទិត្យ ចំពេលមានបុណ្យឈប់សម្រាក ប្រសិនបើគេមានប្រាក់ឈ្នួល ២០០ដុល្លារក្នុងមួយខែ។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕