ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រារព្ធពិធីបើកសិក្ខាសាលាស្តីពីជនរងគ្រោះនិងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សាស្តីពីសកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះរបស់ អ.វ.ត.ក នៅក្នុងអំឡុងដំណាក់កាលដែលនៅសេសសល់ ដោយផ្ដោតទៅលើតម្រួវការនិងស្ថានភាពផ្លូវចិត្តរបស់ជនរងគ្រោះ។
តាមសេចក្ដីសេចក្តីប្រកាសព័ត៌មានរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានឲ្យដឹងថានៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ អ.វ.ត.ក បានប្រារព្ធពិធីបើកសិក្ខាសាលានេះឡើងដោយមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
ការរៀបចំឲ្យមានសិក្ខាសាលានេះឡើងបន្ទាប់ពីមានសំណើសុំពីសហចៅក្រមរបាយការណ៍ គឺលោកចៅក្រម យូរ ឧត្តរា និងលោកស្រីចៅក្រម Claudia Fenz ដើម្បីចាប់ផ្តើមដំណើរការប្រឹក្សាជាចំហរ ក្នុងការបង្កើតឡើងនូវសកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះ នៅមុនពេល និងនៅពេលចាប់ផ្តើមការងារដែលនៅសេសសល់នោះ ដោយមានការចូលរួមជាមួយជនរងគ្រោះ អ្នកតំណាងរបស់ពួកគាត់នៅក្នុងសង្គមស៊ីវិល និងនៅសាលសវនាការ ព្រមទាំងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
អ.វ.ត.ក បានបញ្ជាក់ថា៖ «សិក្ខាសាលានេះបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើតកម្មវិធីថ្មី និងពង្រឹងទៅលើកម្មវិធីដែលមានស្រាប់ ឬមានពីមុន ដែលផ្តោតជាចម្បងទៅលើតម្រូវការជនរងគ្រោះនៃរបបខ្មែរក្រហមនិងផ្សព្វផ្សាយព័ត៌មានអំពីដំណើរការយុត្តិធម៌អន្តរកាល ជូនដល់សាធារណជន ដោយសារតែ អ.វ.ត.ក កាន់តែខិតជិតដល់ការបំពេញការងារនៅសេសសល់ រយៈពេលបីឆ្នាំរបស់ខ្លួន»។
នៅក្នុងពិធីនេះ មានការចូលរួមដោយប្រធានការិយាល័យរដ្ឋបាលស្តីទី អ.វ.ត.ក លោក ក្រាញ់ តូនី ឯកអគ្គរដ្ឋទូតបារាំងនិងជាសហប្រធានក្រុមមិត្តរបស់ អ.វ.ត.ក លោក Jacques PELLET និង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុក អ.វ.ត.ក លោក កែវ រ៉េមី ជាមួយវាគ្មិននិងអ្នកពាក់ព័ន្ធដទៃទៀត។
ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិក ទទួលបន្ទុកយុត្តិធម៌ព្រហ្មទណ្ឌសាកល លោកស្រី Beth VAN SCHAACK ដែលបានលើកឡើងនៅក្នុងសិក្ខាសាលានេះតាមខ្សែវីដេអូថា ការបង្កើតនូវមុខងារដែលនៅសេសសល់របស់ អ.វ.ត.ក រួមជាមួយការជំរុញលើកទឹកចិត្ត ដែលបានគូសបញ្ជាក់នៅក្នុងអនុសាសន៍របាយការណ៍ប្រឹក្សា អស់លោកលោកស្រីនឹងទទួលបានឱកាសដ៏កម្រមួយ ក្នុងការធានាថាការខិតខំប្រឹងប្រែងនឹងមានជាបន្តទៀត ដើម្បីព្យាបាលស្នាមរបួសអ្នកទាំងឡាយណាដែលបានទទួលរងការឈឺចាប់។
ជាមួយគ្នានេះដែរ គ្រូពេទ្យចិត្តសាស្ត្រជាអ្នកផ្តល់ប្រឹក្សាលើបញ្ហាជម្លោះ និងសន្តិភាព និងជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិមជ្ឈមណ្ឌលស្នេហា លោកស្រី យឹម សុទ្ធារី បានឲ្យដឹងថា តាមរយៈបទពិសោធរបស់លោកស្រី ក្នុងការបំពេញការងារដោយផ្ទាល់ជាមួយអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងរយៈពេលជាង១៨ឆ្នាំចុងក្រោយនេះ អ្នកស្រីថាវាពិតជាមានសារៈសំខាន់ក្នុងការយកចិត្តទុកដាក់ ទៅលើការព្យាបាល និងការបង្កើតឧបករណ៍ថ្មី ព្រមទាំងវិធីសាស្ត្រក្នុងការពិភាក្សាអំពីអតីតកាល ជាមួយជនរងគ្រោះអ្នកនៅរស់រានមានជីវិតដែលអាចទទួលរងការឈឺចាប់ពីការប៉ះទង្គិចផ្លូវចិត្ត ដោយសារតែបទពិសោធពីអតីតកាលរបស់ពួកគាត់។
លោកស្រីបានពន្យល់ថា បន្ទាប់ពីបានស្តាប់រឿងរ៉ាវអវិជ្ជមានជាច្រើនពីអតីតកាលមក លោកស្រីចាប់ផ្តើមសួរនូវសំណួរថ្មីៗមួយចំនួន ទៅកាន់អ្នកនៅរស់រានមានជីវិតដូចជា តើពួកគាត់អាចនៅរស់បានដោយសារអ្វី? តើពួកគាត់រកកម្លាំងមកពីណា ដើម្បីសម្របខ្លួនជាមួយស្ថានភាពនេះ? តើពួកគាត់មានក្តីសុបិន្តអ្វីខ្លះ?
ចំណែកវាគ្មិនទីពីរគឺប្រធានរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិលោក Karim A.A. KHAN QC បានថ្លែងអំពីបទពិសោធរបស់គាត់ ក្នុងនាមជាមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ដែលធ្វើការក្នុងនាមជនរងគ្រោះនៃសំណុំរឿង ០០១ នៅ អ.វ.ត.ក គាត់បានបង្ហាញការភ្ញាក់ផ្អើល និងមេរៀនដែលគាត់ទទួលបាន ពីការធ្វើការជាមួយជនរងគ្រោះ ក្នុងនាមជាអ្នកចូលរួមដោយផ្ទាល់ នៅក្នុងកិច្ចដំណើរការនីតិវិធី ដោយរំឮកឡើងវិញពីការចងចាំ ដូចជាដើមបណ្តឹងរដ្ឋប្បវេណី នេត ផល្លី ដែលបានចែករំលែករូបថតបងប្រុសរបស់គាត់ ដែលបានស្លាប់ទៅហើយ និងការនិយាយរៀបរាប់ជាមួយព្រលឹងបងប្រុសគាត់ ពីកន្លែងអង្គុយជាសាក្សី។
លោករដ្ឋអាជ្ញាបានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការបញ្ចូល និងគិតគូរដល់សម្លេងរបស់ជនរងគ្រោះ នៅក្នុងកិច្ចដំណើរការនីតិវិធីជំនុំជម្រះ និងនៅក្នុងមុខងារនៅសេសសល់ក្នុងពេលឆាប់ៗខាងមុខនេះរបស់ អ.វ.ត.ក។