វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំសំខាន់ៗអាស៊ានចំនួនបីរួមទាំងកម្ពុជាប្ដេជ្ញាដឹកនាំដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ ប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំសំខាន់ៗក្នុងអាស៊ានចំនួនបី រួមមាន កម្ពុជា ថៃ និងឥណ្ឌូណេស៊ី ប្ដេជ្ញាដឹកនាំកិច្ចប្រជុំរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងក្នុងពិភពលោក ដោយធានាបាននូវការចូលរួមដោយគ្មានការរើសអើងនិងសន្ដិភាព ជាពិសេសការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។

តាមរយៈសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថាក្នុងនាមជាប្រធាននៃកិច្ចប្រជុំសំខាន់ៗនៅក្នុងឆ្នាំនេះ ប្រទេសទាំងបីបានប្តេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ចសហប្រតិបត្តិការ ដោយបន្តពង្រឹងភាពមជ្ឈភាព ភាពជឿជាក់ និងសារៈសំខាន់របស់អាស៊ានក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងអាស៊ាន ក៏ដូចជាកិច្ចប្រឹងប្រែងនានាក្នុងតំបន់និងពិភពលោក។

ជាមួយគ្នានេះ ប្រទេសទាំងបីក៏បានប្តេជ្ញាពង្រឹងភាពធន់របស់អាស៊ាន ដែលសង្កត់ធ្ងន់ទៅលើការចូលរួមទំនាក់ទំនងក្នុងន័យស្ថាបនា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ស្មើគ្នា។ ក្នុងនោះក៏មានការពន្លឿនកិច្ចប្រឹងប្រែងស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការលើកកម្ពស់សមាហរណកម្មអាស៊ាន និងសមត្ថភាព ប្រកួតប្រជែងសម្រាប់កំណើនរយៈពេលវែងក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់សន្តិសុខផ្នែកសុខភាព និងការគាំពារសង្គមសម្រាប់ប្រជាជនផងដែរ។

ការប្ដេជ្ញានេះធ្វើឡើងដោយឈរលើស្មារតីរួបរួមគ្នារឹងមាំរបស់អាស៊ានក្រោមស្លាកបាវចនា «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។

គួរឲ្យដឹងថា កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ចំនួនបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងដំណើរការអាស៊ាន G20 និង APEC មានចរិតលក្ខណៈរួម ដែលផ្តល់ឱកាសមួយពិសេសសម្រាប់បណ្តាប្រទេសនិងសេដ្ឋកិច្ចសមាជិករួមគ្នាជំរុញកិច្ចប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នដល់ប្រជាជនទាំងនៅក្នុងតំបន់និងនៅទូទាំងពិភពលោក។

ក្នុងនោះ វេទិកាក្រុម G20 ដែលដឹកនាំដោយប្រទេសឥណ្ឌូណេស៊ីបានលើកយកប្រធានបទ «ងើបឡើងវិញទាំងអស់គ្នា ងើបឡើងវិញកាន់តែរឹងមាំ» មានគោលបំណងជួយសម្រួលដល់ការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា។

ប្រធានាធិបតីឥណ្ឌូនេស៊ីប្តេជ្ញាធានាថា ក្រុម G20 មានសារសំខាន់មិនមែនត្រឹមតែសម្រាប់សមាជិករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ក្រុម G20 បានកំណត់អាទិភាពលើវិស័យចំនួនបីពោលគឺ ការពង្រឹងនិម្មាបនកម្មសុខភាពសកល ការផ្លាស់ប្តូរបែបឌីជីថល និងការផ្លាស់ប្តូរថាមពល ក្នុងគោលដៅធ្វើយ៉ាងណាឲ្យ G20 អាចដើរតួជាកាតាលីករ សម្រាប់ការងើបឡើងវិញជាសកលដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្ន។

ចំពោះ APEC ដែលដឹកនាំដោយប្រទេសថៃ ជាវេទិកាពិសេសមានសមាសភាពជាសេដ្ឋកិច្ច ដែល កំពុងបន្តវិធីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីសម្រេចបានវិបុលភាពរួមគ្នា។ មូលបទ APEC ឆ្នាំ២០២២ «បើកចំហរ តភ្ជាប់ តុល្យភាព» ឆ្លុះបញ្ចាំងអំពីគោលដៅ និងការប្តេជ្ញាចិត្តរួមរបស់សេដ្ឋកិច្ចនៃសមាជិកវេទិកានេះ ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកើតចេញពីជំងឺរាតត្បាត និងជម្លោះដែលបានជះផលប៉ះពាល់អវិជ្ជមាននៅទូទាំងពិភពលោក។ មូលបទនេះមានគោលបំណងជំរុញនូវចក្ខុវិស័យសហគមន៍អាស៊ីប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ ធន់ និងសន្តិភាព។

ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសថៃអំពាវនាវឱ្យមានការសន្ទនាឡើងវិញអំពីតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក គាំទ្រការវិលត្រឡប់ទៅកាន់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូន ហើយសង្កត់ធ្ងន់លើបរិយាប័ន្ន និងនិរន្តរភាព តាមរយៈការអនុវត្តគំរូសេដ្ឋកិច្ចជីវៈ-វិលជុំ-បៃតង ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការជួយស្តារតំបន់ និងពិភពលោក ពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក