កែប៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋបាលខេត្តកែប បានពិភាក្សាគ្នាសម្រេចជ្រើសយកទីតាំងផ្សារក្ដាមសម្រាប់ការសាងសង់កំពង់ផែនេសាទថ្មី និងកែប្រែពង្រីកទីតាំងកំពង់ផែ គង់យន អោយក្លាយទៅជាកំពង់ផែនេសាទស្តង់ដារ ដើម្បីបម្រើឲ្យវិស័យជលផលនេសាទ និងវិស័យទេសចរណ៍។
ការឯកភាពគ្នានេះ គឺដើម្បីសម្រួលដល់ការនេសាទរបស់ប្រជានេសាទ ឲ្យសមស្របជាមួយនឹងទីតាំងភូមិសាស្រ្ត ព្រមទាំងធ្វើឲ្យមានភាពប្រសើរឡើងនូវវិស័យទេសចរណ៍នៅក្នុងខត្តនេះផងដែរ។ នេះបើតាមការឲ្យដឹងរបស់អភិបាលរងខេត្តកែប លោក វ៉ៅ សុខា ក្នុងអង្គប្រជុំកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ដែលមានវត្តមានប្រធានក្រុមគម្រោងជលផលឆ្នេរសមុទ្រ និងនិរន្តរភាពកម្ពុជាលោក Saunders Lindsay។
លោកបានឲ្យដឹងថា គម្រោងសាងសង់ និងកែប្រែកំពង់ផែនេសាទទាំង២នេះ ស្ថិតក្នុងគម្រោង ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាពរបស់ ADB ដែលគ្រោងចំណាយថវិកា ១០០លានដុល្លារ លើខេត្តជាប់មាត់សមុទ្រទាំង៤ របស់ប្រទេសកម្ពុជា។
លោកបន្ថែមថា ក្រៅពីគម្រោងសាងសង់កំពង់ផែនេសាទទាំងពីរនេះ ភាគីទាំងពីរក៏កំពុងពិភាក្សាគ្នា លើការសាងសង់ការិយាល័យរដ្ឋបាលជលផល គម្រោងស្តារឡើងវិញនិងអភិរក្សព្រៃកោងកាង និងគម្រោងអភិរក្សស្មៅសមុទ្រជាដើម។
គម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព បានបើកកិច្ចប្រជុំ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលនឹងគ្រោងចំណាយថវិកា ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ Concessional Loan និង ADB Grand Funds ១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ក្នុងខេត្តចំនួន៤ គឺខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប៕