ទីក្រុងចុងឈីង: សមាជិកក្រុមប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃអង្គារនេះបានសាទរចំពោះ “ទំនាក់ទំនងដែលមិនអាចបំបែកបាន” ឬហៅថា “មិត្តភាពដែកថែប” ចំពោះកម្ពុជា។ មិត្តចិនបានហៅកម្ពុជាថាជាដៃគូជិតស្និទ្ធរបស់ប្រទេសចិនក្នុងបណ្តាលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។
លោក វ៉ាង បានលើកឡើងយ៉ាងពិសេសអំពីការប្រយុទ្ធរួមគ្នារវាងប្រទេសទាំងពីរ ប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបាននិយាយថាចិនកំពុងផ្តល់ក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យដល់កម្ពុជា។
លោកវ៉ាង បានធ្វើការកត់សម្គាល់បែបនេះក្នុងជំនួបជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅទីក្រុងចុងឈីង ភាគនិរតីនៃប្រទេសចិន ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលជាការប្រារព្ធខួបលើកទី៣០នៃទំនាក់ទំនងសន្ទនា។
រដ្ឋមន្ត្រីការបរទេសចិនក៏បានលើកឡើងពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីររួមមាន ជំនួបរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបាទ នរោត្តម សីហមុនី និងការប្រទានមេដាយកិត្តិយសដ៏ឧត្តុងឧត្តមថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នូវមេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន។
លោកវ៉ាង បានមានប្រសាសន៍ទៀតថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ហើយនឹងជំរុញការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាជាមួយប្រទេសកម្ពុជា។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអបអរសាទរប្រទេសចិនជាលើកដំបូងក្នុងខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន និងភាពជោគជ័យរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រតាមកាលវិភាគ។ លោក ប្រាក់ សុខុន បាននិយាយថានោះបង្ហាញថាមាគ៌ាដើររបស់ចិនពិតជាត្រឹមត្រូវ។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលបានគាំទ្រក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ និងបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន កសិកម្ម អប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា នៅចុងបញ្ចប់នៃជំនួបនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន៖
១៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន។
២៖ គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន៕
ក្រុមប្រឹក្សារដ្ឋចិននិងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ជួបពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅក្រុងចុងឈីង ភាគនិរតីប្រទេសចិន ថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២១