ភ្នំពេញ៖ ពិព័ណ៌ពិភពលោកឆ្នាំ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម បានផ្ដល់ពានរង្វាន់ «ប្រាក់» ដល់ប្រទេសកម្ពុជាដែលបានរៀបចំពន្លាជាតិមានភាពទាក់ទាញក្នុងព្រឹត្តិការណ៍ពិព័ណ៌កាលពីឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូរសិក្ដិ បានបញ្ជាក់ថា ពានរង្វាន់ប្រាក់ពិភពលោកដែលទទួលបានពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ BIE លើផ្នែកការរចនាពន្លាជាតិ បានល្អជាងគេក្នុងសង្កាត់និរន្តរភាព (Silver Award on the Interior Design for Sustainable District) ក្នុងចំណោមប្រទេសចំនួន ៤៥ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់នោះ ហើយនេះជាលើកទី២ ដែលកម្ពុជាមានកិត្តិយសបានទទួលពានរង្វាន់ប្រាក់នេះ បន្ទាប់ពីបានទទួលពានរង្វាន់ប្រាក់លើកដំបូងពីការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។
លោករដ្ឋមន្ត្រីបន្តថា ពានរង្វាន់នេះធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាងសុក្រឹត ដោយផ្អែកលើការរៀបចំតុបតែងពន្លាជាតិស្របតាមខ្លឹមសារ និងប្រធានបទ រួមទាំងកំណត់ទៅតាមទំហំ និងប្រភេទពន្លាជាតិ ដោយត្រូវឆ្លងកាត់ការវាយតម្លៃផ្អែកលើទិដ្ឋភាពរួមចំនួន ៣ គឺ៖ ១. ស្ថាបត្យកម្ម និងទស្សនីយភាព ២. ការរចនាពន្លាជាតិ និង ៣. ការបកស្រាយប្រធានបទ។
រដ្ឋមន្ត្រីពាណិជ្ជកម្មបានលើកឡើងថា៖ «ពានរង្វាន់នេះជាស្នាដៃមួយដែលមានតម្លៃជាប្រវត្តិសាស្រ្ត ហើយបានបញ្ជាក់ពីការទទួលស្គាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាបានល្បីល្បាញជាសកល តាមរយៈការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនានា ព្រមទាំងនាំមកនូវមោទកភាពជូនជាតិក្នុងការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ»។
កម្ពុជាធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យចំនួន ៤លើករួចមកហើយ ក្នុងការចូលរួមពិព័រណ៍ពិភពលោកចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ក្នុងនោះពិព័រណ៍ពិភពលោកឆ្នាំ២០០៥ នៅទីក្រុងអាយជី ប្រទេសជប៉ុន, ពិព័រណ៍ពិភពលោក ២០១០ នៅទីក្រុងសៀងហៃ ប្រទេសចិន, ពិព័រណ៍ពិភពលោក ២០១៥ នៅទីក្រុងមីទ្បង់ ប្រទេសអ៊ីតាលី និងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម ហើយនៅឆ្នាំ២០២៥ ខាងមុខ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា-កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ “Designing Future Society for Our Lives”៕