ចិន៖ នៅថ្ងៃទី០៨ ខែមិថុនានេះ ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac បានបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិន បានអនុម័តយល់ព្រមទៅលើការផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទ Sinovac ក្នុងលក្ខខណ្ឌបន្ទាន់ទៅលើកុមារអាយុចាប់ពី ៣ឆ្នាំឡើងទៅ ដែលនាំឱ្យចិនក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ក្នុងការផ្តល់នូវវ៉ាក់សាំងការពារ និងប្រឆាំងកូវីដ-១៩ សម្រាប់កុមារ។
ចាប់តាំងពីការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ដំបូងនៅក្នុងប្រទេសចិន រដ្ឋាភិបាលប្រទេសនេះបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការគ្រប់គ្រងស្ថានការកូវីដក្នុងប្រទេសនេះ ហើយគិតមកដល់បច្ចុប្បន្ន ចិនបានធ្វើការផ្តល់នូវវ៉ាក់សាំងចាក់ឱ្យប្រជាជនរបស់ខ្លួន ច្រើនជាង ៧៧៧លានដូសហើយនៅទូទាំងប្រទេស។
ទោះបីជាមានការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងលើកុមារអាយុចាប់ពី ៣ឆ្នាំ រហូតដល់មនុស្សជំទង់វ័យ ១៧ឆ្នាំយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Sinovac បានប្រាប់ទៅកាន់សារព័ត៌មាន AFP ថា ការសម្រេចកំណត់ពេលផ្តល់វ៉ាក់សាំងលើមនុស្សអាយុក្រោម ១៨ឆ្នាំក្នុងប្រទេស នឹងត្រូវជូនដំណឹងដោយគណៈកម្មាធិការសុខភាពជាតិរបស់ចិន អាស្រ័យលើស្ថានភាពនៃវីរុសនេះ ក៏ដូចជាតម្រូវការបន្ទាន់ជាក់ស្តែងនៅពេលខាងមុខ។
រដ្ឋាភិបាលចិន បានដាក់គោលដៅក្នុងការផ្តល់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់ចំនួន ៧០ភាគរយនៃប្រជាជនសរុបជាង ១,៤ពាន់លាននាក់របស់ខ្លួន ត្រឹមដំណាច់ឆ្នាំ ២០២១នេះ។
កន្លងមក អង្គការសុខភាពពិភពលោក បានទទួលស្គាល់នូវប្រភេទវ៉ាក់សាំងរបស់ចិនចំនួនពីរគឺ Sinopharm និង Sinovac ក្នុងការចាក់ទៅលើមនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ប៉ុន្តែមិនបានណែនាំសម្រាប់ក្មេង និងមនុស្សជំទង់អាយុក្រោម ១៨ឆ្នាំសម្រាប់ការទទួលវ៉ាក់សាំងឡើយ។ យ៉ាងណាក្តី គេសង្កេតឃើញមានប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងសហភាពអឺរ៉ុប បានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer BioNtech ទៅលើកុមារអាយុ ១២ឆ្នាំឡើងទៅផងដែរ៕