ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញសត្វក្ដាន់ប្រមាណ ៧០ក្បាលក្នុងខេត្តក្រចេះ

ក្រចេះ៖ សត្វក្តាន់កម្រនៅលើពិភពលោកនិងកំពុងរងការគម្រាមកំហែងចំនួនប្រមាណ ៧០ក្បាលត្រូវបានអ្នកវិទ្យាសាស្ត្រតាមដានឃើញរស់នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះ។

យោងតាមក្រសួងបរិស្ថាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញពីវត្តមានសត្វក្ដាន់កម្រទាំងនេះ តាមរយៈរូបភាពដែលទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូនដែលបំពាក់ម៉ាស៊ីនថតប្រើកំដៅ។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនផងដែរ ដែលជាកត្តាចង្អុលបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រក។

កម្មវិធីស្រាវជ្រាវនេះត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវចម្រុះ BINCO ក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូននៃម៉ាស៊ីនថតប្រើកំដៅ DRONES GmbH ក៏ដូចជាពីសំណាក់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់នៃដែនជម្រកសត្វព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការ WWF ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងរៀបចំរបាយការណ៍ស្តីពីស្ថានភាព និងចំនួនសត្វក្តាន់ សម្រាប់ការចេញផ្សាយនាពេលខាងមុខ។

សត្វក្តាន់ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាសកល ហើយនៅក្នុងប្រទេសកម្ពុជា សត្វនេះធ្លាប់ត្រូវបានអ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថាបានផុតពូជទៅហើយរហូតដល់មានការរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០៦ នៅក្នុងខេត្តក្រចេះ។

សត្វក្ដាន់កំពុងទទួលរងការគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ និងវិបត្តិអន្ទាក់ ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។ ដើម្បីជួយសង្រ្គោះសត្វក្តាន់ និង សត្វព្រៃសំខាន់ៗជាសកលជាច្រើនប្រភេទទៀតក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ យុទ្ធនាការ «អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានរៀបចំឡើង និងបើកឲ្យដំណើរការជាផ្លូវការ កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយមានគោលដៅលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក