ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យអ្នកសារព័ត៌មានអភិវឌ្ឍខ្លួនលើជំនាញបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យអ្នកសារព័ត៌មាន ខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស ការផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្កើនជំនឿទុកចិត្តដល់សាធារណជន និងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៩ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងសារលិខិតបានឲ្យដឹងថា ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ ឆ្នាំ២០២២ បានលើកយកប្រធានបទស្តីពីសារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល ជាមួយនឹងការអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាថែមទៀតពីភាគីពាក់ព័ន្ធ ឱ្យចូលរួមគាំពារសេរីភាពសារព័ត៌មាន និងស្វែងយល់ពីបញ្ហាប្រឈមរបស់សា្ថប័នសារព័ត៌មានដោយសារកំណើននៃការប្រើប្រាស់ និងការចែករំលែកព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម។

គួបផ្សំវិបត្តិសេដ្ឋកិច្ចសកលដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិនយោបាយសកល បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានតាមបែបប្រពៃណីកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ដែលឈានទៅដល់ការបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅលើសកលលោក ដែលជាបញ្ហាសំខាន់ទាមទារឱ្យស្ថាប័នរដ្ឋ ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធ ទាំងអស់ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីជួយជ្រោមជ្រែងស្ថាប័នសារព័ត៌មានរបស់យើង ឱ្យមានប្រក្រតីភាពឡើងវិញជាបន្តទៀត។

ជាមួយគ្នានេះ សា្ថប័នសារព័ត៌មានមួយចំនួនកំពុងប្រឈមជាមួយបញ្ហា ការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលធ្វើឱ្យសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ប្រឈមនឹងការប្រកួតប្រជែងទីផ្សារជាមួយបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ អនឡាញ ដែលបច្ចុប្បន្នមនុស្សម្នាក់ ឬអង្គភាពមួយ ឬស្ថាប័នមួយមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន មួយដែលអាចទទួល និងផ្សព្វផ្សាយព័ត៌មានបានគ្រប់ពេលវេលា រហ័សទាន់សភាពការណ៍ និងសម្បូរបែប។

ការណ៍នេះ ទាមទារឱ្យស្ថាប័នសារព័ត៌មាន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី ខិតខំធ្វើឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនទៅក្នុងទីផ្សារឱ្យកាន់តែមានសក្តានុពល ខ្លាំងក្លាថែមទៀត ជាមួយនឹងការផ្ដល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយប្រកបដោយវិជ្ជាជីវៈ ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជនទើបអាចប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបណ្តាញទំនាក់ទំនងសង្គមបាន។

ក្នុងឱកាសនេះដែរ សម្ដេចតេជោបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មានដែលមិនអាចខ្វះបាននៅក្នុងក្របខ័ណ្ឌប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពជាចម្បងនៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនដល់វិស័យសារព័ត៌មាន ឲ្យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដើម្បីកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសម្រេចបានជោគជ័យយ៉ាងធំធេងផងដែរ។

គួរឲ្យដឹងថា ទិវាសេរីភាពសារព័ត៌មានសកលលោក ដែលបានប្រារព្ធឡើងនាថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាព នៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងការរំលឹកដល់រដ្ឋាភិបាលនៃប្រទេសទាំងឡាយនៅលើសកលលោក ដែលបានប្តេជ្ញាចិត្តក្នុងការគោរពសេរីភាពសារព័ត៌មានឱ្យយកចិត្តទុកដាក់ លើកកម្ពស់សិទ្ធិ សេរីភាពសារព័ត៌មាន និងធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានក្នុងការបំពេញ ភារកិច្ចរបស់ពួកគេ ព្រមទាំងជំរុញឱ្យសា្ថប័នសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈប្រកបដោយតម្លាភាព ធ្វើយ៉ាងណាដើម្បីទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក