BREAKING NEWS: នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញដល់លោក មីន អោងលាំង ធ្វើយ៉ាងណាឱ្យប្រេសិតពិសេសបានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកដល់មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង ពីកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ានចំពោះមីយ៉ាន់ម៉ាក្នុងជំនួបជាលើកទី៣នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ។ ក្នុងនោះសម្ដេចក៏បានគូសបញ្ជាក់ពីភាពចាំបាច់ដែលប្រេសិតពិសេសប្រធានអាស៊ានអាចទៅជួបគ្រប់ភាគីនៃជម្លោះទាំងអស់រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី Win Myint ផងដែរ។
ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចំងាយនៅព្រឹកថ្ងៃទី២ ខែឧសភា នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វាមានសារៈសំខាន់ណាស់ក្នុងការជៀសវាងការប្រើកម្លាំងហួសហេតុក្នុងការថែរក្សាច្បាប់ និងសណ្តាប់ធ្នាប់។ សម្ដេចបានលើកទឹកចិត្តដល់រដ្ឋាភិបាលក្រុងណៃពិដោរ ក្នុងការសម្របសម្រួលបន្ថែមទៀតនូវការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសនៅក្នុងតំបន់ជម្លោះ ដែលមិនត្រឹមតែជួយសម្រាលទុក្ខលំបាករបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំពើហិង្សា និងការកសាងទំនុកចិត្តដើម្បីឈានទៅរកការចរចាសន្តិភាពដែលរួមបញ្ចូលផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី២ ខែឧសភានេះក្រសួងការបរទេសបានឱ្យដឹងថា សម្ដេចបានបានជំរុញឱ្យក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ធ្វើយ៉ាងណាសម្របសម្រួលដំណើរទស្សនកិច្ចលើកទីពីររបស់បេសជនប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ាអាចធ្វើទៅបាននៅចុងខែឧសភា និងបានជួបគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung Saan Su Kyi និងអតីតប្រធានាធិបតី Win Myint សម្រាប់ការបង្កើតបរិយាកាសអំណោយផលដើម្បីចាប់ផ្តើមការសន្ទនានយោបាយបញ្ចូលគ្នា។
ក្នុងសេចក្ដីប្រកាសនោះបានសរសេរថា៖ «សម្ដេចបានសង្កត់ធ្ងន់សារជាថ្មីអំពីសារៈសំខាន់នៃការចូលទៅកាន់បេសកជនពិសេសដើម្បីជួបគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung Saan Su Kyi និងអតីតប្រធានាធិបតី Win Myint សម្រាប់ការបង្កើតបរិយាកាសអំណោយផលដើម្បីចាប់ផ្តើមការសន្ទនានយោបាយបញ្ចូលគ្នា»។
ចំពោះករណីនេះលោកនាយឧត្តមសេនីយ៍ មីន អោងលាំង បានទទួលនិងសន្យាជួយសម្រួលដល់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ។
លោក មីន អោងលាំង បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីស្ថានភាពចុងក្រោយបង្អស់របស់មីយ៉ាន់ម៉ា រួមទាំងការឆ្លើយតបចំពោះអំពើហិង្សាបច្ចុប្បន្ន ការចាប់ផ្តើមក្នុងការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយ អង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ (EAOs) និងការចែកចាយអំណោយនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តដល់មន្ទីរពេទ្យមណ្ឌលសុខភាពចំនួន ៥៨ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបានផ្តល់ការសម្រួលដល់ការចូលរួមជាមួយ EAOs ដោយបេសកជនពិសេសរបស់ប្រធានអាស៊ាន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបញ្ចប់អំពើហិង្សា។
ក្រៅពីនេះក្រុមប្រឹក្សារដ្ឋ (SAC) ក៏បានត្រៀមខ្លួនក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលដំបូងឡើយនៅក្នុងតំបន់សាកល្បងចំនួនពីរ និងរដ្ឋចំនួនប្រាំផ្សេងទៀត ដែលត្រូវបានកំណត់ថាជាតំបន់អាទិភាពក្នុងគោលបំណង។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ SAC លើការផ្តល់ជំនួយមនុស្សធម៌ និងយុទ្ធនាការចាក់ថ្នាំបង្ការនៅតំបន់សាកល្បង ដែលអាចពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងៗ។
ទាក់ទិននឹងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ឧត្តមសេនីយ Min Aung Hlaing បានបញ្ជាក់ថា ប្រធានក្រុមការងារសម្របសម្រួលជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ានឹងដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍នេះ។
គួរឱ្យដឹងផងដែលថាសម្ដេចតេជោ បានជួបជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អោងលាំង ចំនួនពីរដងរួចហើយ គឺកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២សម្ដេចបានទៅជួបផ្ទាល់ និងនៅអំឡុងខែកុម្ភៈសម្ដេចបានជួបតាមរយៈវីដេអូពីចំងាយ។
ក្នុងជំនួបទាំងនេះគឺសម្ដេចចង់ជំរុញឲ្យមានដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ក៏ដូចជាការរំលឹកឲ្យមេដឹកនាំមានគោរពការកិច្ចសន្យារបស់ខ្លួន៕