រុស្ស៊ី៖ អភិបាលតំបន់ Belgorod បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់បានរងរបួសនៅក្នុងភ្លើងឆេះអគារមូលដ្ឋានទ័ពរុស្ស៊ី នៅតំបន់ Belgorod ភាគខាងត្បូងជាប់ព្រំដែនអ៊ុយក្រែន។
អភិបាលខេត្តលោក Vyacheslav Gladkov បាននិយាយថា អ្នកស្រុកម្នាក់បានរងរបួសស្រាល ខណៈផ្ទះ ៧ខ្នងបានរងការខូចខាត ហើយរហូតមកដល់ពេលនេះគេក៏មិនទាន់ដឹងច្បាស់ពីមូលហេតុនៃការឆេះនេះដែរ។
រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបានបង្ហាញពី ផ្សែងខ្មួរខ្មាញ់ចេញពីអគារ។ ដោយឡែកអភិបាលតំបន់ Kursk ដែលមានព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែនបាននិយាយថា ស្ពានផ្លូវដែកមួយសម្រាប់រថភ្លើងដឹកទំនិញក៏ត្រូវបានខូចខាតលើផងដែរ។
កាលពីខែមុន រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីការវាយប្រហារដោយឧទ្ធម្ភាគចក្រលើឃ្លាំងផ្ទុកប្រេងឥន្ធនៈក្នុងទីក្រុង Belgorod តែទីក្រុង Kyiv បានបដិសេធ។
តំបន់រុស្ស៊ីផ្សេងទៀតដែលមានព្រំដែនជាប់នឹងអ៊ុយក្រែនក៏បានរាយការណ៍ពីឧប្បត្តិហេតុបាញ់ផ្លោងឆ្លងព្រំដែនចាប់តាំងពីទីក្រុងម៉ូស្គូបានបញ្ជូនទាហានរាប់ពាន់នាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស»៕