ភ្នំពេញ៖ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ចាប់តាំងពីសាលាក្ដីខ្មែរក្រហមបានបើកដំណណើរការពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០២១ សាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហមមួយនោះចំណាយថវិកាអស់ជាង ៣៣៥,៥២លានដុល្លារអាមេរិក ក្នុងនោះថវិកាពីរាជរដ្ឋាភិបាលកម្ពុជាមានចំនួន ៩៨,១៧លានដុល្លារអាមេរិក។
លោក នេត្រ ភក្ត្រា បានឱ្យដឹងក្នុងសន្នីសិទសារព័ត៌មានស្ដីពីសិក្ខាសាលាទាក់ទងនឹងជនរងគ្រោះរៀបចំដោយ អ.វ.ត.ក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ ថវិការទាំងនេះបានមកពីប្រទេសជាមិត្តនៃសាលាក្ដីខ្មែរក្រហមក្នុងនោះ ប្រទេសជប៉ុនគឺជាអ្នកផ្ដល់ជំនួយធំជាងគេដែលមានតម្លៃប្រមាណ ៨៨លានដុល្លារអាមេរិក ស្មើនឹង ២៧%នៃថវិកាជំនួយ កម្ពុជាឈរលំដាប់ទី២ អូស្ត្រាលីទី៣ និងសហរដ្ឋអាមរិកទី៤។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការសាលាក្ដីខ្មែរក្រហម លោក កែវ រ៉េមី ធ្លាប់បានលើកឡើងថារាជរដ្ឋាភិបាលគាំទ្រសាលាក្ដីខ្មែរក្រហមជានិច្ច ហើយក៏បញ្ជាក់ពីលក្ខណៈពិសេសនៃសាលាក្ដីនេះដែរថា គឺជាសាលាក្ដីកូនកាត់រវាងអង្គការសហប្រជាជាតិនិងតុលាការកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងដំណើរការកាត់សេចក្ដីក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីដែលតុលាការអន្តរជាតិដ៏ទៃទៀតមិនបានធ្វើដូច។
លោកបន្ថែមថា សាលាក្ដីនេះគឺជាគំរូនៃការកាត់ក្ដីអន្តរជាតិមួយដែលបានរក្សាអធិបតេយ្យភាពទាំងស្រុងរបស់ប្រទេសសាម៉ី ហើយត្រូវបានប្រទេសមួយចំនួនកំពុងដកស្រង់បទពិសោធន៍នឹងយកទៅរៀបចំតាមផងដែរ។ ក្រៅពីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម សាលាក្ដីនេះក៏បានរក្សានូវការបង្រួបបង្រួមជាតិព្រមទាំងបាន «ចំណាយតិចតួច» ប៉ុណ្ណោះបើធៀបនឹងតុលាការអន្តរជាតិផ្សេងទៀត។
លោកបញ្ជាក់ថា៖ «ប្រមាណ ២២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចំណែកឯតុលាការអន្តរជាតិផ្សេងទៀតចំណាយអស់ប្រមាណ ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ»។
សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមការងាររបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ២០០៦ និងបានបញ្ចប់លើសំណុំរឿងចំនួន៤ ដែលមាន ០០១ កាត់ក្ដីលើអតីតប្រធានគុកទួលស្លែង លោក កាំង ហ្គេចអៀវ ហៅឌុច សំណុំរឿង ០០២/០១ កាត់ក្ដីលើ លោក ខៀវ សំផន និងលោក នួន ជា សំណុំរឿង ០០៤/០១ ទម្លាក់ការចោទប្រកាន់លើ អ្នកស្រី ហ៊ឹម ចែម និងសំណុំរឿង ០០៤/០២ ទម្លាក់ការចោទប្រកាន់លើ លោក អោ អាន។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម គ្រោងបិទបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ បន្ទាប់ពីបានប្រតិបត្តិការការងារជាង១៦ឆ្នាំ៕