ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានគាំទ្រដល់ដល់ការបង្កើតបទដ្ឋានគតិយុត្ត និងរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបង្កភាពងាយស្រួលដើម្បីចាប់យកឌីជីថលមកបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងជួយជំរុញល្បឿនសេដ្ឋកិច្ចសង្គម ក៏ដូចជាការពារបាននូវសុវត្ថិភាពទិន្នន័យរបស់បុគ្គល ប្រយុទ្ធប្រឆាំងសកម្មភាពអវិជ្ជមានក្នុងប្រព័ន្ធឌីជីថល និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា ស.ស.ស.ក សូមចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២២ ដែលអង្គការយូណេស្គូ បានជ្រើសរើសយកប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។
ស.ស.ស.ក បានកត់សម្គាល់ថា ការីកចំរើននៃបច្ចេកវិទ្យាឌីជីថលបានជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមាន លើគ្រប់វិស័យសង្គម រួមទាំងព័ត៌មានផងដែរ។ អ្វីដែល ស.ស.ស.ក ព្រួយបារម្ភនោះឥទ្ធិពលបច្ចេកវិទ្យាឌីជីថលលើ បញ្ហាសន្តិសុខជាតិ ដំណើរការប្រជាធិបតេយ្យ ការបង្កើត ព័ត៌មានក្លែងក្លាយ និងជាពិសេសលើប្រព័ន្ធការគិតរបស់កុមារ។
ក្នុងន័យនេះ ស.ស.ស.ក បានគាំទ្រដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ក្នុងការប្រឹងប្រែងរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្ត និងរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កភាពងាយស្រួល ដើម្បីចាប់យកឌីជីថលមកបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងជួយជំរុញល្បឿនសេដ្ឋកិច្ចសង្គម ហើយម្យ៉ាងទៀតក៏អាចការពារបាននូវសុវត្ថិភាពទិន្នន័យ ការក្លែងបន្លំ ការលួច ការប្រយុទ្ធប្រឆាំងសកម្មភាពអវិជ្ជមានក្នុងប្រព័ន្ធឌីជីថល និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានដ៏ធំមួយរបស់កម្ពុជានេះបានចាត់ទុកការរិះគន់របស់អង្គការ សមាគម និងក្រុមអ្នករិះគន់លើការបង្កើតថ្នាលឌីជីថលកម្ពុជាគឺជាអ្នកទន់ជ្រាយ រំអួយ ឬសំដែងជាជនរងគ្រោះ។
ស.ស.ស.ក លើកឡើងថា៖ «សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញផ្ទុយពីអង្គការ សមាគម និងក្រុមអ្នករិះគន់ខ្លះ ដែលបានលើកឡើងថា ប្រព័ន្ធឌីជីថល គឺជាសម្ពាធ និងបង្កើតនូវស្ថានភាពខ្មៅងងឹតនៅក្នុងបរិយាកាសនៃសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ស.ស.ស.ក សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងវិស័យព័ត៌មាននិងអ្នកសារព័ត៌មាន សូមកុំបណ្តោយខ្លួនឱ្យទៅអ្នកទន់ជ្រាយ រំអួយ ឬសម្តែងធ្វើជាជនរងគ្រោះ ក៏ប៉ុន្តែ គប្បីខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ប្រកបដោយប្រាជ្ញាញាណ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយភាពឆ្នៃប្រឌិត ក្នុងការបង្កើតបាននូវកាលានុវត្តភាព និងមានសារប្រយោជន៍ដល់សង្គមជាតិ»។
ស្របពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចូលមកដល់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងវិស័យព័ត៌មាននិងអ្នកសារព័ត៌មានចូលរួមជា «កែវភ្នែកយុត្តិធម៌» តាមរយៈការផ្សព្វផ្សាយនូវ «ព័ត៌មានពិត» ដែលមានគុណតម្លៃដល់ដំណើរការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយ «សេរី ត្រឹមត្រូវ និងយុត្តិធម៌»។
ស.ស.ស.ក បានបន្ថែមថា៖ «ការចូលរួមជាវិជ្ជមានរបស់យើងគ្រប់ៗគ្នា គ្រប់ដំណើរការរបស់សង្គមជាតិ គឺមានតម្លៃពង្រឹងបាននូវស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេចជំនួសយើង។ យើងជាផ្នែកនៃការទទួលខុសត្រូវរួមលើសមិទ្ធផលសង្គម ហើយអ្វីៗទាំងឡាយនៅក្នុងសង្គមជាតិរបស់យើង គឺជាសូចនាករឆ្លុះបញ្ចាំងពីតម្លៃរួមរបស់យើងវិញផងដែរ»។
ទោះជាយ៉ាងណាក៏ដោយក៏មានបញ្ហាប្រឈមក្នុងវិស័យសារព័ត៌មានមួយចំនួនដូចជាបញ្ហាហិរញ្ញវត្ថុ សុវត្ថិភាពការងារ និងសិទ្ធិទទួលបានព័ត៌មានជាដើមដែល ស.ស.ស.ក បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តជម្នះការប្រឈមទាំងនេះ និងបន្តបំពេញតួនាទីរបស់ខ្លួនដោយគ្មានការភ័យខ្លាច បន្តប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរ ហើយរំលឹកជាប់ជាប្រចាំនូវប្រយោគរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល៖ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
បើតាម ស.ស.ស.ក តម្លៃដ៏ពិសិដ្ឋរបស់សារព័ត៌មាន គឺនៅត្រង់សមត្ថភាពបំពេញតួនាទីដែលអាចធ្វើជាកញ្ចក់សង្គម ជាអ្នកនាំចម្លើយ និងជាភ្លើងបំភ្លឺ រួមចំណែកដល់សង្គមជាតិយើងឱ្យបន្តដំណើរឆ្ពោះទៅមុខលើផ្លូវសុខដុមរមនា សន្តិភាព និងការរីកចម្រើន៕