ភ្នំពេញ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអបអរសាទរ និងជូនពរជ័យ សិរីសួស្ដី សុភមង្គល ដល់សាសនិកឥស្លាមទាំងអស់ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ។ ឆ្លៀតក្នុងឱកាសនេះសម្ដេចក៏បានថ្លែងអំណរគុណដល់សាសនិកខ្មែរឥស្លាមទាំងអស់ដែលបានចូលរួមជាមួយនឹងប្រជាជនកម្ពុជាថែរក្សាសុខសន្តិភាព មានជំនឿលើគណបក្សប្រជាជន។
ក្នុងសារជូនពររសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ដល់សាសនិកខ្មែរឥស្លាមដែលបានបញ្ចប់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃចន្ទ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៣ មូហាម៉ាត់សករាជ ត្រូវនឹងថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២២ ផ្ញើនូវសេចក្ដីនឹករលឹកនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះ សាសនិកខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក។
សម្ដេចក៏អរគុណជាពិសេសផងដែរ ដែលសាសនិកខ្មែរឥស្លាមបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេចសារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ដែលសម្ដេចចាត់ទុកជាជោគជ័យដ៍ធំធេង។ ក្នុងឱកាសនេះសម្ដេចក៏អញ្ជើញសាសនិកឥស្លាមទាំអស់ទៅចូលរួមយុទ្ធនាក្នុងការចាក់វ៉ាក់សាំងដូសទី៣ ទី៤ និងអាចទៅដូសទី៥ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដើម្បីគ្រួសារ និងជាតិឱ្យបានគ្រប់ៗគ្នា៕