ហុងកុង៖ តុលាការក្រុងហុងកុងកាលពីថ្ងៃសុក្រ បានកាត់ទោសនិស្សិតម្នាក់ដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ស្របតាមច្បាប់សន្តិសុខជាតិដែលកំណត់ដោយប្រទេសចិន ក្រោយនិស្សិតនេះបង្ហោះសារមួយនៅលើ Telegram ទាមទារឯករាជ្យពីប្រទេសចិន។
លោក Lui Sai-yu អាយុ ២៥ឆ្នាំ ជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានអបគមន៍ក្នុងខែមេសា ឆ្នាំ ២០២១ ជាមួយនឹងសារដែលអំពាវនាវឱ្យ «ធ្វើសកម្មភាពដើម្បីផ្លាស់ប្តូររបបដោយខុសច្បាប់» នៅក្នុងទីក្រុងហុងកុង។
គាត់ត្រូវបានឃុំខ្លួនតាំងពីខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីប៉ូលីសបានឆ្មក់ចូលផ្ទះរបស់គាត់ ហើយបានរកឃើញកាំភ្លើងគ្រាប់ម្រេចមួយដើម សម្រាប់បាញ់ការពារខ្លួន ហើយមានដំបងប៉ូលីសដែលអាចពង្រីកបាន កាំបិតយោធាពីរ និងឧបករណ៍ការពារ។
ចៅក្រម Amanda Woodcock ដើមឡើយបានកាត់ទោសគាត់ឱ្យជាប់គុក ៣ឆ្នាំ ៨ខែ បន្ទាប់ពីការសារភាពកំហុសរបស់គាត់បាននាំឱ្យមានការកាត់បន្ថយមួយភាគបី។
ប៉ុន្តែព្រះរាជអាជ្ញា Ivan Cheung បាននិយាយថា ឧក្រិដ្ឋកម្មដែល Lui បានប្រព្រឹត្តគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយត្រូវតែស្ថិតនៅក្រោមការណែនាំនៃការកាត់ទោសនៅក្នុងច្បាប់សន្តិសុខ បន្ទាប់មក Woodcock បានបង្កើនវាដល់ ៥ឆ្នាំ។
មេធាវីរបស់ Lui លោក Edwin Choy បានប្រាប់រ៉យទ័រថា ពួកគេកំពុងពិចារណាលើបណ្តឹងឧទ្ធរណ៍។
ការចោទប្រកាន់ផ្សេងទៀតពីបទកាន់កាប់អាវុធ និងអាវុធវាយលុកត្រូវបានទម្លាក់ចោលនេះបើតាមការវិនិច្ឆ័យ។
ប៉ុន្តែលោក Choy បាននិយាយថា ការបង្ហោះនៅលើ Telegram គឺខុសពីការនិយាយជាសាធារណៈ ឬទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ហើយ Lui មិនមែនជាមនុស្សល្បីទេ ហើយក៏ពុំមានឥទ្ធិពលអ្វីដែរ។
លោក Lui បានក្លាយជាមនុស្សទី៤ ដែលជាប់គុកក្រោមច្បាប់សន្តិសុខឆ្នាំ២០២០ របស់រដ្ឋាភិបាលចិន ខណៈមនុស្សទីមួយ ជាអតីតអ្នករត់តុលោក Tong Ying-kit ត្រូវជាប់គុក ៩ឆ្នាំ។
ក្រុមអ្នករិះគន់និយាយថា ច្បាប់នេះបានបំផ្លាញសេរីភាពដែលចិនបានសន្យាក្រោមរូបមន្ត "ប្រទេសមួយប្រព័ន្ធពីរ" នៅពេលដែលទីក្រុងនេះត្រូវបានប្រគល់មកវិញពីអង់គ្លេសមកការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ១៩៩៧ ។ អាជ្ញាធរចិន និងហុងកុងបាននិយាយថា ច្បាប់ចាំបាច់ដើម្បីស្តារស្ថិរភាពបន្ទាប់ពីការតវ៉ាឆ្នាំ២០១៩៕