ភ្នំពេញ : វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ៥០ម៉ឺនដូសបន្ថែមទៀត បានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ ដែលជាផ្នែកមួយនៃការបញ្ជាទិញវ៉ាក់សាំងនេះចំនួន ៤.៥លានដូសដែលប្រទេសកម្ពុជាបានសហការក្នុងផែនការវ៉ាក់សាំងជាមួយប្រទេសចិនសម្រាប់ខែមិថុនានេះ។ ប្រទេសកម្ពុជាដាក់គោលដៅផ្តល់ការចាក់វ៉ាក់សាំងឱ្យបានយ៉ាងហោច ៨០ ភាគរយនៃចំនួនប្រជាជនពេញវ័យចំនួន ១០លាននាក់នៅដំណាច់ឆ្នាំ២០២១នេះ ដោយរំពឹងថានឹងទទួលបានវ៉ាក់សាំងរាប់លានដូសផ្សេងទៀតពីប្រទេសចិន ក៏ដូចជាតាមរយៈការផ្តួចផ្តើមរបស់យន្តការ COVAX ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ យ៉ាងណាក្តី ស្របពេលដែលកម្ពុជាកំពុងរីកចម្រើន និងសញ្ញាណល្អប្រសើរក្នុងផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ការជជែកវែកញែកមួយកំពុងកើតមាននៅក្នុងប្រទេសសិង្ហបុរី អំពីប្រភេទវ៉ាក់សាំងមួយណាដែលមានប្រសិទ្ធភាពជាងគេ សម្រាប់ទប់ទល់នឹងវ៉ារ្យង់ (Variant) ទាំងបួននៃវីរុសកូវីដ-១៩។
វ៉ាក់សាំងកូវីដ-១៩ ត្រូវបានចែកចេញជាពីរប្រភេទ គឺវ៉ាក់សាំងអសកម្មដូចជា ស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) ដែលប្រើកោសិកាវីរុសកូវីដដែលអសកម្ម ដើម្បីជួយឱ្យរាងកាយបង្កើតអង្គបដិប្រាណប្រឆាំងនិងកូវីដសកម្ម និងមួយប្រភេទទៀតជាថ្នាំវ៉ាក់សាំង“ messenger RNA” ដូចជាថ្នាំ Pfizer, Moderna និង AstraZeneca ដែលប្រើប្រូតេអ៊ីនវីរុសជួយកែលំអ ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ប្រភេទវ៉ាក់សាំងទាំងពីរត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដោយអង្គការសុខភាពពិភពលោក ហើយការសិក្សាថ្មីៗបានបង្ហាញថាប្រភេទទាំងពីរនេះមានប្រសិទ្ធភាពដូចគ្នាសម្រាប់ប្រឆាំងនឹងវីរុសកូវីដ-១៩។
ទោះយ៉ាងណា នៅប្រទេសសិង្ហបុរីការជជែកវែកញែកមួយនេះ បានផ្ទុះឡើងនៅលើបណ្តាញសង្គម អំពីប្រធានបទក្តៅ តើវ៉ាក់សាំងរបស់ភ្នាក់ងារនាំសារ RNA (mRNA) មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យង់បានប៉ុណ្ណា ខណៈវ៉ាក់សាំងទាំង ២ ដែលសិង្ហបុរីកំពុងប្រើរួមមាន Pfizer និង Moderna ។ ប៉ុន្មានសប្តាហ៍មុននេះ ក្រុមវេជ្ជបណ្ឌិតសិង្ហបុរី ១២ ក្រុមបានសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់វ៉ាក់សាំងទាំងនោះចំពោះកុមារ ដោយបញ្ជាក់ថាមានភស្តុតាងតិចតួចណាស់ ដែលពួកគេនឹងផ្តល់ការការពារប្រឆាំងនឹងវ៉ារ្យ៉ង់នេះ។ ប៉ុន្មានថ្ងៃក្រោយមកវេជ្ជបណ្ឌិតចំនួន ១១ នាក់ក្នុងចំណោមពួកគេបានដកសេចក្តីថ្លែងការរបស់ពួកគេឡើងវិញដោយបន្តការជជែកវែកញែកអំពីរឿងនេះ។
វាជារឿងមួយដែលពិបាកនឹងសម្រេចណាស់ ខណៈដែលគណៈកម្មាធិការជំនាញតែងតាំងដោយរដ្ឋាភិបាលសិង្ហបុរី ស្តីពីកិច្ចការចាក់វ៉ាក់សាំងការពារកូវីដ- ១៩ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃច័ន្ទថា ខ្លួនបានកត់សំគាល់នូវសារប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអះអាងថា វ៉ាក់សាំង mRNA កូវីដ-១៩ មិនមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យង់ និងវ៉ាក់សាំងវីរុសអសកម្ម។ វ៉ាក់សាំងការពារ mRNA ដែលបានអនុញ្ញាតឱ្យប្រើប្រាស់គឺ "មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់" ហើយនឹងបន្តបង្ហាញពីការការពារប្រឆាំងនឹងភាពខុសគ្នានៃវីរុស។ បច្ចុប្បន្ននេះមិនមានភស្តុតាងណាមួយបង្ហាញថា វ៉ាក់សាំងវីរុសអសកម្មនេះបង្ហាញពីប្រសិទ្ធភាពខ្ពស់ជាងមុនឡើយ ។
កន្លងមក មានបំរែបំរួលវ៉ារ្យង់ (Varinat) សំខាន់ៗចំនួន ៣ដែលត្រូវបានរកឃើញដោយអង្គការសុខភាពពិភពលោកដូចជា អាល់ហ្វា (Alpha) ដែលត្រូវបានរកឃើញដំបូងគេនៅចក្រភពអង់គ្លេស Beta ពីអាហ្រ្វិកខាងត្បូង Delta ត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ដែលមកដល់ពេលនេះត្រូវបានគេរកឃើញនៅប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាក៏បានរាយការណ៍ពីការរកឃើញវ៉ារ្យង់ B.1.617 ចំនួន ៣ករណីនាំចូលផងដែរ៕