សៀមរាប៖ អាជ្ញាធរអប្សរាប្រកាសជោគជ័យក្នុងការសាកល្បងជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដេលជាទីតាំងខ្ពស់មួយនៃប្រាសាទ។ អគ្គនាយករដ្ឋរងនៃអាជ្ញាធរជាតិអប្សរាលោក គឹម សុធិន ថាការជួសជុលតួប្រាង្គកណ្តាលរួតទីបីនៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយនិងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។
យោងតាមការចុះផ្សាយរបស់អាជ្ញាធរអប្សរា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុលនៅការដ្ឋាននោះបានឡើយ។ ដូច្នេះការសាងសង់ត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធលើកដុំថ្មថ្មីដែលត្រូវយកឡើងទៅបំពេញបន្ថែមនៅតាមកន្លែងចាំបាច់ដើម្បីពង្រឹងរចនាសម្ពន្ធ និងទ្រដុំថ្មចាស់ដែលបានរកឃើញទីតាំង។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា៖ «ពេលចាប់ផ្ដើមទាញយោងឡើងដោយដៃថ្មថ្មីមួយដុំបានប្រើពេលរហូតដល់បីថ្ងៃ ទើបទាញយកបាន។ ចំណែកឯការដឹកជញ្ជូនថ្មចល័តពីកន្លែងមួយទៅកន្លែងមួយវិញទៀតសោត គឺប្រើរទេះរណេលឈើ ឬដែកទីបរុញឬទាញដោយមនុស្សយ៉ាងតិចចំនួន១២នាក់ ជួយអូសផង ទាញផង និងរុញផងទើបអាចនាំថ្មចល័តទៅមកបាន។ កិច្ចការរុះរើរៀបថ្មខឿនរួតបាកាណនេះ គឺទាមទារឱ្យក្រុមអ្នកជំនាញ និងជាងរិះរកគ្រប់វិធីសាស្ត្រ បច្ចេកទេស ដើម្បីពង្រឹងរចនាសម្ពន្ធសំណង់ប្រកបឱ្យរឹងមាំឡើងវិញ ហើយមិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ដោយសារអាយុកាលនៃវត្ថុធាតុដើមទៀតផង»។
បើតាមលោក គឹម សុធិន នេះជាលើកទីមួយហើយដែលការជួសជុលខឿនកណ្ដាលរួតបាកាណនៃប្រាសាទអង្គរវត្តបានប្រើកម្លាំងមនុស្សទទួលបានជោគជ័យដែលមិននឹកស្មានដល់ ពីព្រោះគេមិននឹកស្មានថាក្រុមការងារអាចធ្វើបាន នៅក្នុងពេលដ៏លំបាកបំផុតទាំងការងារនិងទាំងពេលដែលមានវិបត្តិដោយជំងឺកូវីដ១៩៕