លោក ឯម ច័ន្ទមករា៖ ការចូលរួមចំណែករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាសក្តិសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានលើកឡើងថាពីភាពចាំបាច់នៃការគាំទ្រដល់ជនមានពិការភាពដើម្បីលើកកម្ពស់សិទ្ធិ និងធ្វើឱ្យស្ថានភាពជនមានពិការភាពកាន់តែមានភាពប្រសើរឡើងនៅកម្ពុជា ដោយថាការងារនេះត្រូវមានការចាំបាច់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងនោះការការរួមចំណែករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាភាពសក្កិសិទ្ធមួយដែលអាចជំរុញផែនការលើកស្ទួយសិទ្ធិជនមានពិការភាពឱ្យមានប្រសិទ្ធភាព។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ ជូនថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ក្នុងនាមលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យគឺ «ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អនិងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍន៍»។
ផ្នែកលើចក្ខុវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដែលជាដំណាក់កាលទី២ សម្រាប់កំណត់ចក្ខុវិស័យ និងផែនទីដើម្បីបន្តជំរុញសង្គមមួយឆ្ពោះទៅរកការលុបបំបាត់ឧបសគ្គរារាំងនានាដល់ជនមានពិការភាព។
លោកថា បច្ចុប្បន្នក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាប្រយុទ្ធឈ្នះលើសមរភូមិនៃជំងឺដ៏កាចសាហាវគឺវីរ៉ុសកូវីដ-១៩ ដែលបានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចចាប់ផ្តើមមានកំណើនឡើងវិញ ហើយកត្តាសន្តិភាពនិងស្ថេរភាពនយោបាយពេញលេញដែលកម្ពុជាកំពុងមានសព្វថ្ងៃជាកាលានុវត្តភាពសម្រាប់អភិវឌ្ឍន៍វិស័យពិការភាពនៅកម្ពុជាប្រកបដោយភាពរឹងមាំនិងវិជ្ជមាន ដោយបានអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាពគិតគូបន្ថែមដល់ជនងាយរងគ្រោះ ពិសេសជនមានពិការភាពទទួលបានការគាំពារក្នុងរូបភាពផ្សេងៗដូចជាការបង្កើតមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានិងវេជ្ជសាស្ត្រ រោងចក្រផលិតឧបករណ៍អវយវៈសិប្បនិម្មិតនិងរណប មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាព មជ្ឈមណ្ឌលបុរីទារកនិងកុមារជាតិ មជ្ឈមណ្ឌលថែទាំនិងស្តារនីតិសម្បទាជនវិបល្លាសស្មារតីជាដើម។
បើទោះបីជាមានការវិវត្តន៍វិជ្ជមានយ៉ាងនេះក្តីតែបញ្ហានៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាលដល់ជនមានពិការភាពដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ ដូច្នេះហើយលោកបានជំរុញដល់ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចចូលរួមជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការដើម្បីពន្លឿនផែនការជាតិនេះឱ្យអនុវត្តន៍បានប្រកបដោយភាពសក្ដិសិទ្ធ។
លោកបានថ្លែងថា៖ «ក្នុងន័យនេះ ការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាមានតម្លៃ ដ៏ធំធេងនិងជាការចូលរួមចំណែកដោយមិនអាចអត់បានក្នុងការជួយពន្លឿនការអនុវត្តនិងសក្តិសិទ្ធភាពនៃផែនការខាងលើនេះ ដើម្បីធានាថាឱ្យជនមានពិការភាពទទួលបាននូវការបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ការបង្កើន លទ្ធភាពទទួលបានសេវាសុខភាពនិងស្ដារ លទ្ធភាពពលកម្ម លទ្ធភាពទទួលបាន ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការបង្កលក្ខណៈងាយស្រួល ការចូលរួមដោយសមភាព លទ្ធភាពទទួលបានសេវាយុត្តិធម៌ និងសិទ្ធិសេរីភាព ការធានាសមភាពយេនឌ័រ ការកាត់បន្ថយហានិភ័យនិងផលប៉ះពាល់បង្កដោយគ្រោះមហន្តរាយ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ ជាតិ និងអន្តរជាតិ និងធានាថាមានទិន្នន័យ និងស្ថិតិពិការភាពដែលអាចទុកចិត្តនិងប្រៀបធៀបបាន»។
លោកមានជំនឿថា សិក្ខាសាលាថ្ងៃនេះគឺជាបច្ច័យគំនិតដែលមានសារៈសំខាន់ជូនថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិចារណាគិតគូរអំពីការបែងចែងកញ្ចប់ថវិកាជាតិសម្រាប់ការផ្តល់អាទិភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាពនិងបានធ្វើការវិភាជន៍ថវិកាជូនដល់ក្រសួងស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិដើម្បីឲ្យផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមួយនេះទទួលបានជោគជ័យដូចការរំពឹងទុកផងដែរ។
លេខាទី១នៃស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជាលោក Connor Floyd បានថ្លែងក្នុងពិធីនោះថា រដ្ឋាភិបាលអូស្ត្រាលីគឺជាដៃគូយូរអង្វែងមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកម្ពស់សិទ្ធិជនមានពិការភាព ដែលធ្វើឡើងតាមរយៈកម្មវិធី ACCESS។ លោកថាការបង្កើតផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពគឺជាព្រឹត្តិការដ៏សំខាន់មួយដើម្បីដឹកនាំការរួមចំណែកពីគ្រប់វិស័យ និងអង្គភាពរដ្ឋាភិបាលឆ្ពោះទៅរកការចូលរួមយ៉ាងពេញលេញសម្រាប់ជនពិការ។
លោកបន្ថែមថា ការលើកកម្ពស់ដល់សិទ្ធិជនមានពិការភាព មិនមែនជាកាតព្វកិច្ចរបស់ក្រសួងសង្គមកិច្ចតែមួយនោះទេ គឺត្រូវការការចូលរួមពីផ្នែកពាក់ព័ន្ធទាំងអស់ មិនថាតាមរយៈសកម្មភាព ឬកម្មវិធីថិវិកាក្ដី គឺសុទ្ធតែជាការចូលរួមជំរុញដល់ផែនការនេះបានទាំងអស់។
លោកថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចូលរួមចំណែករួមពីក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងៗ ដើម្បីគាំទ្រជនមានពិការភាពនៅគ្រប់វិស័យផ្សេងៗ គឺជាមូលដ្ឋានរឹងមាំសម្រាប់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអនុសញ្ញាអន្តរជាតិ និងគោលនយោបាយជាតិរបស់ខ្លួន។ លើសពីនេះ នេះនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងគោលនយោបាយថវិកា និងការផ្លាស់ប្តូរឆ្ពោះទៅរកការថវិកាអនុវត្តន៍ ក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីផងដែរ»។
«ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣» ហៅកាត់ថា(ផ.យ.ជ.ព.២០១៩-២០២៣) ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើការឆ្លុះបញ្ចាំងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព លើកទី១ឆ្នាំ២០១៤-២០១៨។ ផែនការនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការពន្លឿនការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ផែនការ អភិវឌ្ឍន៍ជាតិ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាជីវិតជនពិការនៅកម្ពុជាត្រូវបានប្រសើរឡើងដើម្បីវាយតម្លៃការអនុវត្តន៍នៅពាក់កណ្តាលអាណត្តិនិងការវាយតម្លៃចុងក្រោយ៕