ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

UN និងរដ្ឋាភិបាលរួមគ្នាជំរុញកម្មវិធីពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា

ភ្នំពេញ៖ “កម្មវិធីពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា” ដែលជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិ រវាង UNDP, OHCHR និង UNESCO ដោយមានការគាំទ្រផ្នែកបច្ចេកទេសពី ILO ត្រូវបានលើកយកមកពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជានឹងគ្រោងដាក់ឱ្យអនុវត្តន៍នៅដើមខែឧសភា។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានជាធ្វើសហប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការវាយតម្លៃកម្មវិធីសម្រាប់ការពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា (ADRC) ជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Pauline Tamesis នៅទីស្ថានការអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដើម្បីបង្ហាញកម្មវិធីឯកសារចុងក្រោយ និងស្វែងរកយោបល់ដើម្បីណែនាំការអនុវត្តកម្មវិធីពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់និងចូលរួមអនឡាញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងតំណាងមកពី UNDP, OHCHR, UNESCO, ILO និងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធដទៃទៀត។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Pauline Tamesis បានលើកឡើងថា ការពង្រឹងយន្តការសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការពង្រីកការធានារ៉ាប់រងសង្គម ការលើកកម្ពស់សមត្ថភាពរបស់អង្គការជនពិការ វេទិកាស្ត្រីពិការ ការគាំទ្រការអនុវត្តផែនការសង្គ្រោះពីជំងឺកូវីដ-១៩ ដែលនឹងជួយជនមានពិការភាពអនុវត្តសិទ្ធិរបស់ពួកគេទទួលបានសេវា និងការគាំទ្រ ជាជារឿងចាំបាច់ដល់ការគាំទ្រជនមានពិការនៅកម្ពុជា។

លោកស្រី គូសបញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃកម្មវិធី គណៈកម្មាធិការវាយតម្លៃកម្មវិធីសម្រាប់ការពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា (ADRC) គឺធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធសម្រាប់ការរួមបញ្ចូលពេញលេញនៃជនពិការ នៅក្នុងប្រទេសកម្ពុជា។

លោកស្រីក៏បានលើកឡើងពីលទ្ធផលកម្មវិធីទាំងបីដែលផ្តោតលើការលើកកម្ពស់សមត្ថភាពភាគីពាក់ព័ន្ធក្នុងការរួមចំណែកដល់គោលនយោបាយ និងប្រព័ន្ធរួមបញ្ចូលពិការភាព កាត់បន្ថយគម្លាតរវាងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិរបស់ជនពិការ និងកម្មវិធីមនុស្សធម៌ និងការរួមបញ្ចូលពិការភាពក្នុងការអភិវឌ្ឍន៍ជាតិ និងផែនការមនុស្សធម៌។

យុទ្ធសាស្ត្រសំខាន់ៗដែលបានលើកឡើងក្នុងការអនុវត្តគម្រោងដោយជោគជ័យ រួមមានការធ្វើវិសោធនកម្មច្បាប់ស្តីពីពិការភាពថ្មី និងការតាមដានការអនុវត្តដោយពិគ្រោះយោបល់ជាមួយអង្គការជនពិការ និងវេទិការស្ត្រីពិការ ការកែលម្អលទ្ធភាពទទួលបានព័ត៌មាន យុត្តិធម៌ និងសេវាជំនួយផ្នែកច្បាប់ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់ជនពិការ និងការលើកកម្ពស់សមត្ថភាពរបស់អង្គការដែលកំពុងធ្វើការនៅក្នុងវិស័យពិការភាព។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានសម្តែងការពេញចិត្តចំពោះសេចក្តីព្រាងសេចក្តីលម្អិតនៃកម្មវិធីដែលបានបង្ហាញ ដោយលោកបានប្រកាសគាំទ្រ និងយល់ស្របទាំងស្រុងចំពោះគំនិតផ្តួចផ្តើមកម្មវិធីនេះ។

លោកបានបន្តទៀតថា លោកពិតជាមានអំណរគុណជាខ្លាំង ដែលគម្រោងនេះផ្តោតលើជនមានពិការនៅកម្ពុជា ដោយថា លោកសប្បាយចិត្តដែលបានឃើញថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីពិការភាពជាតិ និងជួយដល់ជីវភាពរស់នៅរបស់ជនពិការពីជំងឺរាតត្បាតកូវីដ-១៩។

ក្នុងឱកាសនោះលោកក៏បានលើកឡើងជាពិសេសអំពីរបៀបដែលលោកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផ្តល់អាទិភាពច្រើនដល់វិស័យពិការនៅកម្ពុជា និងបានជម្រាបពីដំណើរការសាងសង់មជ្ឈមណ្ឌលថ្មីសម្រាប់ជនពិការដែលនឹងគ្រោងបញ្ចប់នៅឆ្នាំក្រោយ។

លោកបានពន្យល់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងមានច្បាប់ជាតិរបស់ខ្លួនស្តីពីការការពារជនជនមានពិការភាព ដោយលោកសង្ឃឹមថានឹងឃើញឯកសារទាំងនេះត្រូវបានបកប្រែទៅជាផែនការសកម្មភាពក្នុងពេលឆាប់ៗខាងមុខ។

កិច្ចប្រជុំបានបញ្ចប់ដោយកំណត់ចំណាំលើកិច្ចព្រមព្រៀងទូទៅ និងការយល់ព្រមជារួមសម្រាប់កម្មវិធីទាំងមូល។

“កម្មវិធីពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា” គឺជាកម្មវិធីថ្មីដែលត្រូវបានបង្កើតឡើងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងគោលបំណងធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធ ក្នុងការកែលម្អក្របខ័ណ្ឌនីតិប្បញ្ញត្តិ ពង្រឹងការអនុវត្តគោលនយោបាយ ការបង្កើនការចូលរួមក្នុងការសម្រេចចិត្ត ដែលចាំបាច់សម្រាប់ការបញ្ចូលជនពិការពេញលេញទៅក្នុងសង្គមកម្ពុជាធ្វើឱ្យមានភាពប្រសើរឡើង។ កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទំហំប្រតិបត្តិការណ៍ប្រមាណ ៦២២ ៤១៩ដុល្លារអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក