ភ្នំពេញ៖ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឬ SEA Game នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១២ ខែឧសភា រហូតដល់ថ្ងៃទី២៣ ខែឧសភា នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម។ កីឡាករកម្ពុជាចំនួន ៥៦០នាក់នឹងទៅចូលរួមព្រឹត្តិការណ៍កីឡាតំបន់ដ៏ធំនេះ។ ពួកគេបានបង្ហាញនូវការសប្បាយចិត្ត និងបង្ហាញនូវជំនឿចិត្តថានឹងអាចនាំមេដាយត្រលប់មកកម្ពុជាវិញ។
ក្នុងសាលសន្នីសិទកោះពេជ្រ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលមួយជាមួយកីឡាករ គ្រូបង្វឹក និងប្រតិភូកីឡារបស់កម្ពុជា ដែលមានចំនួនជាង ៦០០នាក់ និងបានលើកទឹកចិត្តដល់ពួកគេក្នុងការហ្វឹកហាត់ក៏ដូចជាព្យាយាមដោយសមត្ថភាពផ្ទាល់ខ្លួនដើម្បីនាំកិត្តយសជូនជាតិ។
កីឡាករមួយចំនួនដែលបានចូលរួមក្នុងកម្មវិធីនេះបានឱ្យដឹងថាបច្ចុប្បន្នពួកគេខិតខំហ្វឹកហាត់ដើម្បីយកលទ្ធផលល្អក្នុងការប្រកួត ទោះជាយ៉ាងណាពួកគេក៏បង្ហាញនូវក្ដីបារម្ភមួយចំនួនផងដែរក្នុងការប្រកួតនាខែក្រោយនេះ។
កីឡាករបាល់បោះ លោក ឈិន សុផារ៉ា អាយុ ២៣ឆ្នាំ៖ «ខ្ញុំធា្លប់ទៅលេង SEA Game នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១៩ លទ្ធផលពេលហ្នឹងវាអត់ល្អសម្រាប់យើងទេ! វាជាបទពិសោធន៍ទី១របស់ខ្ញុំ។ សម្រាប់ការប្រកួតនៅលើកនេះខ្ញុំធ្លាប់ទទួលបានបទពិសោធន៍ពីការប្រកួតស៊ីហ្គេមលើកមុនខ្ញុំនឹងយកបទពិសោធន៍ដែលខ្ញុំបរាជ័យហ្នឹងមកអភិវឌ្ឍន៍ខ្លួនឯងឱ្យល្អ ហើយខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីឱ្យកីឡាបាល់បោះបានលទ្ធផលល្អដែលរដ្ឋាភិបាលបានផ្គត់ផ្គង់យើង។ […] អ្វីដែលខ្ញុំព្រួយបារម្ភនោះគឺកីឡាកររបស់គេដែលភាគច្រើនគេយកកូនកាត់មកលេង អញ្ចឹងគេធំៗជាងយើង អញ្ចឹងយើងវាពិបាកទប់ជាមួយគេ»។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះកីឡាប៉េតង់កម្ពុជាបានទទួលមេដាយមាសជាបន្តបន្ទាប់ដែលអាចចាត់ជាកីឡាអទិភាពមួយដែលកម្ពុជាអាចទទួលបានមេដាយត្រលប់មកវិញផងដែរ។ កីឡាករខ្លាំងផ្នែកប៉េតង់របស់កម្ពុជាក៏នឹងចូលរួមការប្រកួតស៊ីហ្គេមនេះផងដែរ។
កីឡាការិនីផ្នែកប៉េតង់ អ្នកស្រី អ៊ុក ស្រីមុំ បានឱ្យដឹងថា៖ «ក្រុមកីឡាខ្ញុំទាំងអស់គឺសង្ឃឹម! ដោយសារអី? គឺដោយសារក្រុមយើងខិតខំហ្វឹកហាត់ណាស់ ទាំងប្រុសទាំងស្រីគឺហ្វឹកហាត់អត់ដែលថាមានពេលទំនេរទេអញ្ចឹងក្រុមខ្ញុំទាំងអស់គ្នា ទាំងបុរស និងស្ត្រីគឺខំហ្វឹកហាត់ដើម្បីប្រទេសជាតិ»។
កីឡាករផ្នែកប៉េតង់ម្នាក់ទៀតគឺលោក សុខ ចាន់មាន ឱ្យដឹងថា៖ «យើងកីឡាករយើងតែងតែសង្ឃឹមហើយ ក៏ប៉ុន្ដែយើងមិនអាចនិយាយមុនបានទេ។ ទាល់តែយើងទៅដល់ភ្លាមប្រកួតបានយើងអាចនិយាយបានព្រោះយើងកីឡាករយើងដឹងពីខ្លួនយើងៗក៏សង្ឃឹមក៏ប៉ុន្ដែយើងមិនអាចកំណត់ថាយើងយកមេដាយអ្វីមកទេ! សំខាន់គឺឱ្យតែបានសម្រាប់ជាតិគឺល្អបំផុតសម្រាប់ពួកយើងកីឡាករ»។
គូរបង្វឹក និងប្រតិភូដឹកនាំកីឡាក៏បង្ហាញនូវជំនឿចិត្តស្រដៀងគ្នាផងដែរ។
គ្រូបង្វឹកកីឡាប៉េតង់ លោក សុខ មុំ បានថ្លែងថា៖ «ធ្វើជាគ្រូ ការសង្ឃឹមត្រូវតែមានក៏ប៉ុន្ដែកីឡាយើងមិនអាចនិយាយលើកម្រិតបានទេ! យើងថាការហ្វឹកហាត់យើងនៅក្នុងស្រុកកូនសិស្សយើងវាល្អទាំងអស់ហើយ តែយើងចេញទៅលេវាប៉ះគេទៅវាមានការភ័យខ្លាចមានអីខ្លះទៅបើវាមិនភ័យខ្លាចយើងទទួលបានជោគជ័យទៀត។ រឿងហ្នឹងក៏ខ្ញុំមិនហ៊ានអារកាត់ខ្ពស់ដែរ»។
អគ្គនាយកកីឡានៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ពេជ សុផែន៖ «កាលប្រកួតនៅប្រទេសម៉ាឡេស៊ីយើងទទួលបានមេដាយសំរឹទ្ធមួយដែរ ហើយនៅឆ្នាំ២០១៩ យើងប្រកួតនៅប្រទេសភីលីភីនហ្នឹងក៏យើងទទួលបានមេដាយសំរឹទ្ធរហូតដល់៥ឯណោះ។ អញ្ចឹងបានថាការពង្រឹងគឺមានការរីកចម្រើន។ អញ្ចឹងហើយឆ្នាំនេះការប្រកួតស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនេះ យើងសង្ឃឹមថាអត្តពលិកយើងនឹងទទួលបានមេដាយតែកម្រិតណាយើងអត់ដឹង»។
កម្ពុជារពឹងថានឹងទទួលបានមេដាយមាសយ៉ាងហោចណាស់៥ក្នុងការប្រកួតស៊ីហ្គេមឆ្នាំនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា ការចូលរួមកីឡាស៊ីហ្គេមឆ្នាំ២០២២នេះកម្ពុជានឹងសិក្សាទាំងការប្រកូត និងការរៀបចំការប្រកួតដែលយកមកអនុវត្តន៍ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ។
លោកបន្ថែមថាក្នុងការចូលរួមប្រកួត SEA Game នៅប្រទេសវៀតណាមលើកនេះ កម្ពុជាបានត្រៀមចូលរួមប្រកួតចំនួន ៣៣ប្រភេទកីឡា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសនេះបានប្រកាសផ្ដល់ប្រាក់ចំនួន ៥០០ដុល្លារក្នុងម្នាក់ទៅឱ្យកីឡាករដែលទៅប្រកួត និងបញ្ជាឱ្យគណៈកម្មការអូឡាំពិកកម្ពុជា រៀបចំទាក់ទងទៅក្រុមហ៊ុនអាកាសដើម្បីដឹកកីឡាករទៅហាណូយផ្ទាល់តែម្តងមិនបាច់ឈប់ចតប្តូរយន្តហោះឡើយ ដែលនេះដើម្បីរួមចំណែកលើកមុខមាត់ប្រទេសក្នុងវិស័យកីឡា។
សម្ដេចក៏បានផ្ដាំផ្ញើដល់កីឡាករទាំងអស់ត្រូវគោរពនូវវិន័យនៃការប្រកួត ជៀសវាងដាច់ខាតប្រើប្រាស់សារធាតុញៀន ឬថ្នាំកម្លាំង ដោយថាដើម្បីការពារភាពថ្លៃថ្នូរបស់ប្រទេស។
សម្ដេចថា៖ «ការទៅប្រកួតនេះគឺកាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជាទៅជាមួយ។ ដូច្នេះក្មួយត្រូវតែដឹងថានៅជាប់នឹងខ្លួនក្មួយមានតួអង្គព្រះមហាក្សត្រ មានតួអង្គនីតិបញ្ញត្តិ រដ្ឋសភា ព្រឹទ្ធិសភា មានតួអង្គនីតិប្រតិបត្តិ ជាពិសេសមានប្រជាជនជិត ១៧លាននាក់ដែលនៅជាមួយហ្នឹងក្នួយៗ។ កិត្តិយស និងសេចក្ដីថ្លៃថ្នូរវាសំខាន់ណាស់! សម្រាប់ប្រទេសជាតិរបស់យើង»។
វៀតណាមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកទីពីរ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងតំបន់។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (Sea Games 31) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ និងតាមខេត្ត-ក្រុងជិតខាងជុំវិញចំនួន១១។ មកទល់ពេលនេះ មូលដ្ឋាននានា បានរៀបចំរួចរាល់ជាស្ថាពរ ហើយត្រៀមជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១៕