ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសម្ដេចនឹងកាន់អំណាចយ៉ាងយូរ ១០ឆ្នាំទៀត មុននឹងបន្តវេនដល់មនុស្សជំនាន់ក្រោយ។
ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាចូលរួមប្រកូងកីឡា SEA Game លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ក្នុងសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចកាន់អំណាចយ៉ាងយូរ ១០ឆ្នាំទៀតដើម្បីដឹកនាំកម្ពុជា។
សម្ដេចថ្លែងថា៖ «លទ្ធភាពខ្ញុំខ្ពស់ណាស់ ៣០ឆ្នាំទៀត។ គ្រូទាយគាត់ទាយឱ្យខ្ញុំថាខ្ញុំអាយុ ១០១ឆ្នាំ។ តែប្រាកដហើយខ្ញុំមិនកាន់អំណាចដល់ ១០១ឆ្នាំទេ យ៉ាងច្រើនណាស់ ១០ឆ្នាំទៀតប៉ុណ្ណឹង។ ព្រោះពូជរបស់ខ្ញុំអាយុមិនតិចជាង ៩០ទេ ឪពុកខ្ញុំទៅឆ្លងកាត់ការលំបាកយ៉ាងមិចក៏គាត់បាន ៩០ដែរ ជីតារបស់ខ្ញុំបានដល់ ៩៣»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ សម្ដេចកាន់តំណែងដំបូងជា រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរបំផុតមួយ។ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ បានប្រកាសគាំទ្រដល់កូនប្រុសច្បងរបស់សម្ដេចគឺលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត៕
PHOTO: EAC NEWS