ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការអូឡាពិកកម្ពុជា រៀបចំទាក់ទងទៅក្រុមហ៊ុនយន្តហោះនៅកម្ពុជា ដើម្បីរៀបចំយន្តហោះដឹងកីឡាករទៅហាណូយផ្ទាល់តែម្តងមិនបាច់ឈប់ចតប្តូរយន្តហោះឡើយ ដែលនេះដើម្បីលើកចំណែកលើកមុខមាត់ប្រទេសក្នុងវិស័យកីឡា។
សម្តេចថ្លែងបែបនេះ នៅក្នុងកម្មវិធី ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម។
គួរបញ្ជាក់ដែរថា តាមផែនការគណកម្មការអូឡាំពិកគ្រោងទិញសំបុត្រយន្តហោះទៅហាណូយប្រទេសវៀតណាមសម្រាប់ក្រុមអត្តពលលិក ហើយមុននឹងទីដល់ទីក្រុងហាណូយ យន្តហោះត្រូវចុះចតនៅ ទីក្រុងហូជីមិញដើម្បីប្តូរយន្តហោះសិន ខណៈសម្តេចណែនាំឱ្យប្រើយន្តហោះពិសេសហោះផ្ទាល់ទៅទីក្រុងហាណូយតែម្តង។
វៀតណាមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកទីពីរ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងតំបន់។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (Sea Games 31) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ និងតាមខេត្ត-ក្រុងជិតខាងជុំវិញចំនួន១១។ មកទល់ពេលនេះ មូលដ្ឋាននានា បានរៀបចំរួចរាល់ជាស្ថាពរ ហើយត្រៀមជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១៕
PHOTO: EAC NEWS