ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់កីឡាករដែលត្រូវទៅចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២២ ត្រូវគោរពនូវវិន័យ គ្មានការប្រើប្រាស់សាធាតុញៀន ឬថ្នាំកម្លាំងនោះទេ ដោយថាដើម្បីការពារភាពថ្លៃថ្នូររបស់ប្រទេស។
ថ្លែងក្នុងជំនួបជាមួយប្រតិភូកីឡាដែលត្រូវទៅប្រកួតស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាង៦០០នាក់នៅសាលមហោស្រពកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំថា ការប្រើប្រាស់ថ្នាំកម្លាំងក្នុងការប្រកួតកីឡាដែលជាចេតនានឹងនាំឱ្យប៉ះពាល់ដល់មុខមាត់ជាតិជាខ្លាំង ហើយមិនត្រូវមាន «ជាដាច់ខាត»។
សម្ដេចតេជោថា៖ «ការទៅប្រកួតនេះគឺកាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជាទៅជាមួយ។ ដូច្នេះក្មួយត្រូវតែដឹងថានៅជាប់នឹងខ្លួនក្មួយមានតួអង្គព្រះមហាក្សត្រ មានតួអង្គនីតិបញ្ញាត្តិ រដ្ឋសភា ព្រឹទ្ធិសភា មានតួអង្គនីតិប្រតិបត្តិ ជាពិសេសមានប្រជាជនជិត១៧លាននាក់ដែលនៅជាមួយហ្នឹងក្នួយៗ។ កិត្តិយស និងសេចក្ដីថ្លៃថ្នូវាសំខាន់ណាស់! សម្រាប់ប្រទេសជាតិរបស់យើង»។
សម្ដេចតេជោ ក៏ប្រាប់ឱ្យកីឡាករកីឡាការិនីដែលទៅចូលរួមប្រកូតត្រូវគោរពច្បាប់វិន័យឱ្យបានជាប់លាប់។
គួរឱ្យដឹងថា កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម មានសរុប ៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយ ចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន ២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់៕
PHOTO: EAC NEWS