ព្រះសីហនុ៖ អ្នកជំនាញរបស់ក្រុមហ៊ុនសាងសង់ចិន CHINAROAD AND BRIDGE បានបញ្ជាក់ពីមូលហេតុចម្បងដែលផ្លូវល្បឿនលឿន មិនធ្វើផ្លូវបេតុង តបទៅនឹងសំណួររបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងពេលលោករដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូចុះពិនិត្យផ្លូវល្បឿនលឿនកាលពីថ្ងៃអង្គារ៍ ទី២៧ ខែមេសា ឆ្នាំ២០២២។
អ្នកជំនាញរបស់ក្រុមហ៊ុនសាងសង់ CHINAROAD AND BRIDGE បានបញ្ជាក់ថា មូលហេតុដែលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចាក់ពីកៅស៊ូ តែមិនធ្វើពីបេតុងមានកត្តាចំបងៗដូចជា៖
១. ផ្លូវបេតុងមានតម្លៃខ្ពស់
២. ផ្លូវកៅស៊ូសម្រាប់ផ្លូវល្បឿនលឿនមានភាពរលូនងាយស្រួលបើកជាង ផ្លូវបេតុង
៣. ផ្លូវកៅស៊ូអាចកាត់បន្ថយផលប៉ះពាល់ដល់ម៉ាស៊ីន និងសំបកកង់ឡានជាងផ្លូវបេតុង
៤. ផ្លូវបេតុងពណ៌សដែលធ្វើឱ្យចាំងភ្នែកអ្នកបើកបរ
៥. ផ្លូវកៅស៊ូងាយស្រួលជួសជុលដោយប្រើរយៈពេលខ្លីដោយគ្រាន់តែប៉ះផ្លូវ រួចជិះបាន តែបើផ្លូវបេតុងអាចចំណាយពេលដល់ ៧ថ្ងៃដើម្បីជួសជុល។
អ្នកតំណាងរូបនេះបានបញ្ជាក់ថា ជាទូទៅនៅលើពិភពលោកសម្រាប់ផ្លូវគេជ្រើសរើសយកផ្លូវកៅស៊ូជាជាងផ្លូវបេតុង លើកលែងតែកន្លែងមានទឹក ឬមានឧស្សាហ៍មានភ្លៀងធ្លាក់ច្រើនទើបគេធ្វើផ្លូវបេតុង។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន ៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន ៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕