ភ្នំពេញ៖ អតីតមេបញ្ជាការកងទ័ពនៃអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា លោក ចន សេនឌឺសុន បានសំដែងនូវការភ្ញាក់ផ្អើលនៅពេលដែលឃើញការអភិវឌ្ឍកម្ពុជា ដែលលោកចាត់ទុកថាជាការ «ផ្លាស់ប្ដូរដ៏អស្ចារ្យ» ជាពិសេសរាជធានីភ្នំពេញ។
ក្នុងឱកាសចូលជួបពិភាក្សាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោក ចន សេនឌឺសុន ថាកម្ពុជាមានវឌ្ឍនភាពនិងជោគជ័យដ៏ធំធេងរួមទាំងការរីកមុខមាត់លើឆាកអន្តរជាតិ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក សេនឌឺសុន និងរដ្ឋាភិបាលអូស្ត្រាលីដែលរួមចំណែកដល់ការស្វែងរកសន្ដិភាពរបស់កម្ពុជា។ សម្ដេចថា ប្រទេសអូស្ត្រាលីជាប្រទេសទី១ ដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មី និងបោះបង់ការទទួលស្គាល់រដ្ឋាភិបាលខ្មែរក្រហមមុនគេ។
ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផល្លែត បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសដែលទទួលស្គាល់កម្ពុជាមុនកម្ពុជាបានទទួលឯករាជ្យ ជាប្រទេសដែលជួយឱ្យកម្ពុជាឱ្យទទួលបានឯករាជ្យ ជាមួយគ្នានោះផងដែរសម្ដេចតេជោបានជម្រាបលោក ចន សេនឌឺសុន ពីចក្ខុវិស័យជាយុទ្ធសាស្ត្រដែលដឹកនាំកម្ពុជាឱ្យទទួលបានសន្ដិភាពពេញលេញរួមជាមួយយុទ្ធសាស្រ្តគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩»។
សម្ដេចតេជោក៏បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបានជួយដល់កម្ពុជាតំាងពីដើមរៀងមក និងថ្មីៗនេះគឺជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ។
បន្ទាប់ពីជំនួបនេះ សម្ដេចតេជោ និង លោក ចន សេនឌឺសុន ក៏មានជំនួបពិសារអាហារថ្ងៃត្រង់ជាមួយគ្នាផងដែរ។
ឧត្តមសេនីយឯក John Murray Sanderson កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៤០ គឺជាមន្ត្រីជាន់ខ្ពស់កងទ័ពអូស្ត្រាលីចូលនិវត្តន៍ និងជាតំណាងអនុសេនាធិការ។ គាត់បានបម្រើការជាមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ និងជាមេបញ្ជាការកងទ័ពពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨ លោកក៏ជាអភិបាលទី២៩ នៃរដ្ឋ Western Australia ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៥ផងដែរ៕