៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

វៀតណាមជំរុញឱ្យមានលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងវៀតណាមបន្តទៀត

ភ្នំពេញ៖ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) បានស្នើសូមប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសកម្ពុជា និងវៀតណាមបន្តទៀត នៅក្នុងការផ្លាស់ប្តូរបទពិសោធន៍នានា ដូចជាការកសាងច្បាប់ កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីនៅលើឆាកអន្តរជាតិ។

លោកបានថ្លែងបែបនេះក្នុងជំនួបជាមួយសម្ដេចពញាចក្រី ហេង សំរិន នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនោះលោក ឌិញ ទៀន ហ្ស៊ុង បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ក៏ដូចជាកម្ពុជាទាំងមូល។ លោកបានកោតសរសើរ និងអបអរសាទរ ចំពោះជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដែលបាននាំឱ្យកម្ពុជា បើកសង្គម សេដ្ឋកិច្ចឡើងវិញ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោកបានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យ នៅក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបាះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ ថែមទាំងបានបានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាបន្តទៀតផងដែរ។

នៅក្នុងឱកាសនោះលោក ឌិញ ទៀន ហ្ស៊ុង ក៏បានជម្រាបសម្តេច អំពីលទ្ធផលនិងកិច្ចសហប្រតិបត្តិការគ្នារវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយ នាពេលកន្លងមក ក៏ដូចជាគម្រោងទៅថ្ងៃអនាគត ដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។

ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនៅគ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងកម្ពុជា-វៀតណាម បង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលមានប្រវត្តិតស៊ូរួមសុខ រួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ។ សម្ដេចបន្ថែមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ បានប្រព្រឹត្តិទៅយ៉ាងល្អ ជិតស្និទ្ធ និងស៊ីជម្រៅ ទាំងក្នុងក្របខ័ណ្ឌ បក្ស រដ្ឋ និងប្រជាជន ដោយផ្អែកលើស្មារតីភាតរភាព ស្និទ្ធស្នាល ជឿទុកចិត្តគ្នា ដោយបានផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងសាលារាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ ដែលបានសហការគ្នានាពេលកន្លងមក។

សម្តេចបានគំាទ្រកម្មវិធីការងារ ទាំងឡាយ ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព ការរីកចម្រើនរវាងរាជធានីភ្នំពេញ និងហាណូយ និងនិយាយជារួម ដើម្បីការរីកចម្រើនធំធាត់នៃប្រជាជាតិទាំងពីរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក