ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចក្រឡាហោមជំរុញឱ្យអង្គការអន្តរជាតិទេសន្តរប្រវេសន៍បន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានជំរុញអង្គការអន្តរជាតិទេសន្តរប្រវេសន៍បន្តកិច្ចសហប្រតិបត្តិការនានាជាមួយកម្ពុជា ខណៈកន្លងមកភាគីទាំងពីរមានទំនាក់ទំនងការងារល្អ។

ថ្លែងក្នុងជំនួបជាមួយនឹង នាយិកាប្រចាំថ្នាក់តំបន់ របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកស្រី Nenette Motus នាថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ សម្តេចបន្តថា ក្នុងរយៈពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើកិច្ចការងារជាច្រើនពាក់ព័ន្ធនិងការងារទេសន្តរប្រវេសន៍ ជាពិសេសពលរដ្ឋកម្ពុជាដែលធ្វើចំណាកស្រុកឆ្លងដែនតាមព្រំដែនកម្ពុជា-ថៃ ហើយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក៏បានចូលរួមចំណែកយ៉ាងសកម្មទៅលើការងារដោះស្រាយចំពោះមុខ ដោយបានសាងសង់មណ្ឌលសំចតសម្រាប់ពលករដែលឆ្លងដែនមកកម្ពុជាវិញ។

ជាការឆ្លើយតប លោកស្រីវេជ្ជបណ្ឌិត Nenette Motus បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានារបស់ក្រសួងមហាផ្ទៃកម្ពុជា លើការងារជួយគាំទ្រដល់ការងារទេសន្តរប្រវេសន៍ចាប់តាំងពីឆ្នាំ១៩៩៣មក។ លោកស្រីបានអបអរសាទរដល់ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងការងារទេសន្តរប្រវេសន៍ និងការទទួលធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២នេះផងដែរ។

ចុងបញ្ចប់ សម្តេចក្រឡាហោម បានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា អង្គការ IOM នូវតែបន្តគាំទ្រដល់កម្ពុជាលើការងារ ទេសន្តរប្រវេសន៍ ក៏ដូចជាការងារបម្រែបម្រួលអាកាសធាតុផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក