
សម្ដេចតេជោ ជំរុញឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាម នៅតាមទីតាំងដែលធ្លាប់ជាអតីតសមរភូមិ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសវៀតណាមឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតសំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-វៀតណាម ឱ្យកើនឡើងបន្ថែមទៀត ជាមួយនឹងការកែប្រែទីតាំងដែលធ្លាប់ជាអតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សមាជិកការិយាល័យនយោបាយ បក្សកុម្មយនីស្ត និងលេខាបក្សនាទីក្រុងហាណូយ លោក ឌិញ ទៀនហ្ស៊ង បានវាយតម្លៃខ្ពស់នូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជា និងបានរាយការណ៍ស្ថានភាពជំងឺរាតត្បាតនៅទីក្រុងរបស់ខ្លួនថែមទាំងចង់បង្កើនចំណងទំនាក់ទំនងឱ្យកាន់តែខ្លាំងក្លារវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវក្ដីរីករាយវាងប្រទេសកម្ពុជាវៀតណាមដែលមានការកើនឡើងលើសផែនការ ៥០០ពាន់លានដុល្លារ និងបានជំរុញបន្ថែមដល់វៀតណាមឱ្យបង្កើតនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនឹងកែប្រែតំបន់ដែលធ្លាប់ជាអតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ផងដែរ។
ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផល្លែត បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «សម្ដេចបានមានប្រសាសន៍បន្ថែមថា យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នាឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងពិនិត្យមើលអ្វីៗដែលរដ្ឋធានី និងរាជធានីអាចធ្វើការរួមគ្នាបន្ថែមទៀត»។
សាធារណៈសង្គមនិយមវៀតណាម ស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ដែលបានដាក់ទុនវិនិយោគដោយផ្ទាល់ក្នុងកម្ពុជា ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២១ កន្លងមានជាង ៩កោដដុល្លារសហរដ្ឋអាមេរិក៕