ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ពលរដ្ឋរីករាយដែលរដ្ឋាភិបាលដកកាតព្វកិច្ចពាក់ម៉ាស់ចេញ តែអ្នកខ្លះថាការពាក់ម៉ាស់ក្លាយជាទម្លាប់របស់ខ្លួនហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈចេញដែលមានន័យថាការពាក់ឬមិនពាក់ម៉ាស់នៅតាមទីសាធារណគឺជាសិទ្ធិសម្រេចរបស់ពលរដ្ឋផ្ទាល់ខ្លួន។ ការសម្រេចនេះគឺបន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីសុខាភិបាលកាលពីរសៀលថ្ងៃទី២៥ ខែមេសា។

សម្ដេចតេជោថា៖ «ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថាការដកម៉ាស់ចេញនឹងបង្កបរិយាកាសសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ហើយក៏នឹងចូលរួមចំណែកសន្សំសំចៃនូវការប្រើប្រាស់ដោយផ្ទេរការចំណាយលើការទិញម៉ាស់មកពាក់ បង្វែរទៅជាការទិញម្ហូបអាហារទិញសម្លៀកបំពាក់ឱ្យកូនចៅ និងទុកសន្សំប្រាក់កាក់នោះដើម្បីប្រើប្រាស់លើគោលដៅផ្សេង»។

ក្រោយការដកកាតព្វកិច្ចនេះពលរដ្ឋជាច្រើនដែលរស់នៅរាជធានីភ្នំពេញបានសម្ដែងការរីករាយដោយថា ពួកគេហាក់មានភាពធូរស្រាលច្រើនដោយសារងាយស្រួលក្នុងការដកដង្កើម កាត់បន្ថយចំណាយលើម៉ាស់ និងមិនបារម្ភពីការចោទប្រកាន់ពីការល្មើសវិធានការសុខាភិបាលជាដើម។

លោក សេង ផល ជាជាងជួសជុលរថយន្ត អាយុ ៣៣ឆ្នាំ៖ «ខ្ញុំពេលឮដំណឹងនេះខ្ញុំសប្បាយចិត្តដែរ កុំឱ្យចំណាយទិញម៉ាស់ពាក់ប្រចាំថ្ងៃរាល់ថ្ងៃរាល់ខែអីអញ្ចឹង។ […] ព្រោះពេលខ្ញុំពាក់អញ្ចឹងទៅវារាងថប់ៗច្រមុះព្រោះខ្ញុំធ្វើទុក្ខច្រមុះអញ្ចឹងណា»។


លោក ជួន លីន ជាអ្នកបើកឡានដឹកភ្ញៀវទេសចរណ៍ អាយុ ៣៩ឆ្នាំ៖ «ចំពោះខ្ញុំៗគិតថាជារឿងល្អហើយដោយសារអីប្រសិនជាអញ្ចឹងការងារទាក់ទងនឹងភ្ញៀវទេសចរណ៍វានឹងកើនឡើងវិញ វានឹងគាត់ចេញដើរលេងច្រើនព្រោះអីអត់ពាក់ម៉ាស់ពាក់អីអញ្ចឹងគេដឹងថាលេងអីហើយ កាត់បន្ថយការចំណាយ ហើយដើរលេងដើរអីក៏អត់សូវខ្លាចអញ្ចឹង»។


លោក និន សុនិវត្តន៍ ជាអ្នកលក់គ្រឿងអលង្ការ អាយុ ៣២ឆ្នាំ៖ «ពិតជាសប្បាយរីករាយមែនទែនពីព្រោះថាយើងឥឡូវដូចជាមានសេរីភាពយើងអាចដើរទៅណាមកណាបានច្រើនហើយ ប្រជាពលរដ្ឋក៏ស៊ាំនឹងជំងឺបានច្រើនគឺពិតជាល្អមែនទែន។ ខ្ញុំរីករាយ។ […] ម្ដងៗ (ទិញម៉ាស់) ទាំងបេៗ ហើយអស់ច្រើនមែនទែនលុយ ហើយប្រើក៏ចុះដែលព្រោះវាមិនអាចបោកទឹកបានអញ្ចឹងយើងឧស្សាហ៍ដូរមួយថ្ងៃ១ ឬ២ ព្រោះសមាជិកក្នុងផ្ទះមានច្រើនអញ្ចឹងចំណាយច្រើនដែរ។ បើបានលែងពាក់ម៉ាសអញ្ចឹងគឺកាត់បន្ថយការពាក់ម៉ាស់បានច្រើនដែរ»។

ជាមួយនឹងការរីករាយទាំងអស់នេះក៏មានពលរដ្ឋខ្លះឱ្យដឹងថាពេលនេះការពាក់ម៉ាស់បានក្លាយជាទម្លាប់របស់ពួកគេទៅហើយ។

អ្នកស្រី អ៊ឹង តាយ ជាអ្នកលក់ដូរនៅក្នុងផ្សារ អាយុ៦២ឆ្នាំ ៖ «យើងការពារសុខភាពយើង ព្រោះយើងអត់ដឹងថាអ្នកណាមាន អ្នកណាអត់ អញ្ចឹងខ្ញុំចេះតែការពារទៅ។ ហើយណាមួយយើងលក់ដូរអញ្ចឹងទៅកាលណាអ្នកមកពីចំងាយគេឃើញយើងអត់ពាក់ម៉ាស់ក៏គេអត់ហ៊ានទិញយើងដែរ។ អស់ច្រើនណាស់ (ទិញ) រាប់មិនឈ្នះទេព្រោះមួយថ្ងៃខ្ញុំត្រូវផ្លាស់ពី២ ទៅ៣ជាប្រចាំរហូតអញ្ចឹងនៅកូននៅចៅនៅកូនប្រសារ កូនបង្កើតអីប្រើទាំងអស់រាល់ថ្ងៃកូនបង្កើតនៅប្រើជាប្រចាំរាល់ថ្ងៃ ទោះបីចាក់វ៉ាក់សាំង៤ដងម្នាក់ហើយក៏នៅតែប្រើជាប្រចាំដែរ» ។


បើតាមការប្រកាសរបស់សម្ដេចតេជោ គឺចាប់ពីពេលនេះសិទ្ធិសម្រេចថាពាក់ម៉ាស់ ឬមិនពាក់ម៉ាសនៅតាមទីសាធារណៈគឺជាការសម្រេចចិត្តរបស់ពលរដ្ឋ។ ពលរដ្ឋភាគច្រើនដែល EAC News ចុះសម្ភាសន៍បានលើកឡើងហាក់ដូចជាគ្មានការព្រួយបារម្ភនោះទេចំពោះការឆ្លងរាលដាលឡើងវិញនៃជំងឺកូវីដ-១៩ ដោយថាពួកគេមានជំនឿលើវិធានការរបស់រដ្ឋាភិបាល និងទុកចិត្តលើប្រព័ន្ធភាពស៊ាំរបស់សហគមន៍ដែលទទួលបានពីការចាក់វ៉ាក់សាំងដូសជំរុញ។

លោក ជួន លីន ជាអ្នកបើកឡានដឹកភ្ញៀវទេសចរណ៍ អាយុ ៣៩ឆ្នាំ៖ «សម្រាប់ខ្ញុំៗគិតថាដូចជាមិនអីទេ! វាទៅជាធម្មតាដោយសារយើងម្នាក់ៗសុទ្ធតែចាក់វ៉ាក់សាំងការពាររៀងៗខ្លួនអស់ហើយ»។

លោក និន សុនិវត្តន៍ ជាអ្នកលក់គ្រឿងអលង្ការ អាយុ ៣២ឆ្នាំ៖ «ការបារម្ភពីការឆ្លងរាលដាលជាថ្មីចេះតែមានហើយ តែខ្ញុំចាក់បាន៤ដូសរួចហើយដូចជាអត់មានបញ្ហាអីទេ! ខ្ញុំទើបមកពីក្រៅប្រទេសដែរ ខ្ញុំដើរលេងច្រើន អត់មានបញ្ហាអីដែរ។ អត់មានឆ្លង អត់មានអីទេ។ ខ្ញុំទុកចិត្តលើវ៉ាក់សាំង»។


បើទោះបីជារដ្ឋាភិបាលសម្រេចដកកាតាព្វកិច្ចពាក់ម៉ាស់ចេញ តែប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ពលរដ្ឋពាក់ម៉ាស់នៅទីតាំងសាធារណដែលមានការសង្ស័យ និងនៅកន្លែងមានការប្រមូលផ្ដុំមនុស្ស ដោយថាដើម្បីកាត់បន្ថយនូវហានិភ័យ។

គួរឱ្យដឹងផងដែរថា ក្រោយផ្ទុះព្រឹត្តិការណ៍២៨ វិច្ឆិកា ឆ្នាំ២០២០ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញវីដេអូថ្លែងការណ៍ពិសេសមួយពីផ្ទះរបស់សម្ដេចដោយបានប្រកាសឱ្យពលរដ្ឋអនុវត្តវិធានការសុខាភិបាល៣ការពារ និង៣កុំឱ្យបានជាប់លាប់ ដែលក្នុងនោះការពាក់ម៉ាស់គឺជាអាទិភាពមួយនៃវិធានការនេះ។ គិតរហូតមកដល់ពេលនេះពលរដ្ឋកម្ពុជាត្រូវប្រើប្រាស់ម៉ាស់គឺមានរយៈពេលជាង១ឆ្នាំហើយ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារសំឡេងពិសេសដកកាតាព្វកិច្ចពាក់ម៉ាស់ចេញនៅព្រឹកនេះថា៖ «ខ្ញុំព្រះករុណាខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋដែលថ្ងៃនេះនឹងបានរំដោះខ្លួនចេញពីម៉ាស់ក៏ប៉ុន្ដែក៏នៅតែអំពាវនាវឱ្យរក្សាទុកម៉ាស់ជាប់ហ្នឹងខ្លួននៅពេលដែលចូលដល់កន្លែងដែលត្រូវចាំបាច់ពាក់ម៉ាស់ដូចបានកំណត់ដែលក្រសួងសុខាភិបាលនិងផ្នែកពាក់ព័ន្ធនឹងរៀបចំវិធានការបញ្ជាក់ទៅតាមក្រោយថាកន្លែងណាដែលពាក់ និងកន្លែងណាដែលមិនពាក់»៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក