ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ពលរដ្ឋទាំងអស់ឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់គ្នា ដោយថាដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំសហគមន៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។ សម្ដេចបន្ថែមថាបច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងសល់ក្នុងស្ដុកជាង ១០លានដូសដែលអាចចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋបានគ្រប់គ្នា។
ថ្លែងចេញពីទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងពេលទទួលវ៉ាក់សាំងពីប្រទេសអ៊ីតាលីនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការវ៉ាក់សាំងដូសទី៣ ត្រូវក្លាយជាដូសកាតាព្វកិច្ចដែលរដ្ឋាភិបាលត្រូវចាក់ជូនពលរដ្ឋឱ្យខានតែបាន ដើម្បីជំរុញដល់បន្ថូរបន្ថយលក្ខខន្តសុខាភិបាលមួយចំនួន ដែលរួមមានកាតាព្វកិច្ចពាក់ម៉ាស់ផងដែរ។
សម្ដេចតេជោថ្លែងថា៖ «ខ្ញុំចង់បញ្ជូនសារនេះទៅកាន់ប្រជាពលរដ្ឋរបស់យើងអ្នកដែលមិនទាន់ទទួលដូសទី៣ ត្រូវតែមកកាន់កន្លែងណាដែលជាកន្លែងចាក់វ៉ាក់សាំង។ មិនចាំបាច់ថាខ្លួននៅស្ទឹងត្រែងចាំទៅចាក់នៅស្ទឹងត្រែងទេចាក់នៅភ្នំពេញក៏បាន ហើយពេទ្យយើងនៅគ្រប់ទីកន្លែងទាំងអស់ឱ្យតែមានអ្នកទៅចាក់គឺត្រូវទៅចាក់ជូនពលរដ្ឋរបស់យើងតែម្ដង»។
បើតាមសម្ដេចតេជោពលរដ្ឋកម្ពុជាជាង ៦លាន ៦សែននាក់ពុំទាន់បានទទួលវ៉ាក់សាំងដូសទី៣នោះទេ។
កាលពីថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងពិសេសមួយជូនដល់ប្រជាពលរដ្ឋ ដោយក្នុងនោះសម្ដេចបានបញ្ជាដល់ក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ពលរដ្ឋដែលងាយរងនូវហានិភ័យ និងជំរុញដល់ពលរដ្ឋឱ្យចូលរួមក្នុងយុទ្ធនាការនេះ។ សម្ដេចបានសំណូមពរថា «ពលរដ្ឋម្នាក់យ៉ាងហោចណាស់បានទទួលវ៉ាក់សាំងដូសទី៣»។
គិតចាប់តាំងពីកម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ពលរដ្ឋកម្ពុជាប្រមាណ ១៤,១លាននាក់បានទទួលវ៉ាក់សាំងមូលដ្ឋាន ឬ២ដូស ខណៈមានពលរដ្ឋតែជាង ៨,២លាននាក់ប៉ុណ្ណោះដែលទៅទទួលវ៉ាក់សាំងដូសទី៣៕