
រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងឱ្យស្ថាប័នពាក់ព័ន្ធចុះផ្ដល់អំណោយជូនអ្នកជំងឺ និងចាស់ជរាគ្មានទីពឹងនៅថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ សម្ដេចចៅហ្វាវ៉ា គង់ សំអុល បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឱ្យបានអធិកអធមស្របតាមព្រះរាជប្បវេណីពីបុរាណ និងអនុវត្តតាមវិធានការសុខាភិបាល។ ក្នុងឱកាសចម្រើនព្រះជន្មព្រះមហាក្សត្រនេះផងដែរសម្ដេចចៅហ្វាវាំង ក៏បានបញ្ជាដល់រដ្ឋបាលខេត្តចុះសួរសុខទុក្ខអ្នកមានជំងឺនៅតាមមន្ទីពេទ្យ ខណៈគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងស្ថាប័នរដ្ឋត្រូវចុះសួរសុខទុក្ខអ្នកជំងឺតាមមន្ទីរពេទ្យ ជនចាស់ជរាគ្មានទីពឹង ដើម្បីផ្ដល់ជាអំណោយជូនដល់ពួកគាត់។
ក្នុងផែនការណែនាំចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ សម្ដេចចៅហ្វាវាំង គង់ សំអុល បានណែនាំឱ្យក្រសួងព្រះបរមរាជវាំងនាថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវរៀបចំព្រះរាជប្បវេណី តាមការសព្វព្រះរាជហឬទ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងមានថ្វាយរាជសព្វសាធុការពរព្រះករុណាជាងម្ចាស់ជីវិតលើត្បូងនៅក្នុងព្រះបរមរាជវាំង។
ក្នុងថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រផងដែរ គ្រប់ក្រសួងស្ថាប័ន្ថរដ្ឋទាំងអស់ រួមទាំងទីវត្តអារ៉ាម និងផ្ទះរបស់ពលរដ្ឋត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយមានតុបតែងល្អភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ សារលិខិតថ្វាយព្រះពរ និងលើទង់ជាតិ សាសនា ព្រះមហាក្សត្រ បដាពាក្យស្លោក អបអរសាទរ។
ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីជីវប្រវត្តិ និងព្រះរាជសកម្មភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូងដែលព្រះអង្គសព្វព្រះរាជហឬទ័យចុះសួរសុខទុក្ខ ជួបប្រាស្រ័យជាមួយព្រះសង្ឃ និងប្រជារាស្ត្រព្រះអង្គ និងប្រគំតន្រ្តីផ្សព្វផ្សាយដើម្បីអបអរសាទរផងដែរ។
សម្ដចចៅហ្វាវាំង គង់ សំអុល ក៏បានណែនាំឱ្យគណៈកម្មការធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកមានជំងឺកំពុងសម្រាកព្យាបាល នៅតាមមន្ទីរព្យាបាល នៅតាមមន្ទីរពេទ្យនានា ចាស់ជរាគ្មានទីពឹង និងធ្វើទំនាក់ទំនងគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព ឱ្យជួយឧបត្ថម្ភអំណោយជាសម្ភារ ថវិកា។
គួរបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា គម្រប់ព្រះជន្ម ៦៩ យាងចូល ៧០ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២។ ក្នុងព្រះរាជពិធីនេះក៏នឹងមានការបាញ់កាំជ្រួចនាពេលយប់ដើម្បីញាំងឱ្យពិធីបុណ្យកាន់តែមហោឡារិក៕