ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ដេចតេជោ ឱ្យបើកយុទ្ធនាការ «ពលរដ្ឋម្នាក់ទទួលវ៉ាក់សាំងយ៉ាងហោចណាស់ចំនួនបីដូស»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួងសុខាភិបាល ផ្នែកពាក់ព័ន្ធ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ពលរដ្ឋដែលងាយរងនូវហានិភ័យ និងជំរុញដល់ពលរដ្ឋឱ្យចូលរួមក្នុងយុទ្ធនាការនេះ។ សម្ដេចបានសំណូមពរថា «ពលរដ្ឋម្នាក់យ៉ាងហោចណាស់បានទទួលវ៉ាក់សាំងដូសទី៣»។

ក្នុងសារសំឡេងពិសេសនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្លងកាត់បទពិសោធន៍នៃឱកាសចូលឆ្នាំខ្មែរកន្លងផុតទៅចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ពុំមានចំនួនឆ្លងច្រើនដែលគួរឱ្យព្រួយបារម្ភនោះទេ ទោះជាយ៉ាងសម្ដេចបានជំរុញឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់គ្នាដោយថា ដើម្បីបង្កើនភាពប្រព័ន្ធភាពស៊ាំសហគមន៍បានរឹងមាំ ដែលអាចឈានដល់ការបញ្ចប់នូវការ «ពាក់ម៉ាស់» ឬកាត់បន្ថយវិធានការសុខាភិបាលមួយចំនួនបាន។

សម្ដេចតេជោ បានប្រកាសបើកយុទ្ធនាការ «ពលរដ្ឋម្នាក់យ៉ាងហោចណាស់ទទួលបានវ៉ាក់សាំង៣ដូស» ដោយឱ្យក្រសួងសុខាភិបាល ជាមួយផ្នែកពាក់ព័ន្ធសហការគ្នាធ្វើការក្នុងយុទ្ធនាការនេះ។ អ្នកដែលផ្ដោតជាដំបូងសំខាន់គឺ កម្មករ កម្មការិនីរោងចក្រ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពលរដ្ឋដែលងាយរងគ្រោះពីជំងឺ និងសិស្សានុសិស្ស គឺយុទ្ធនាការនេះនឹងចុះទៅចាក់នៅទីតាំងរបស់ពួកគេដោយផ្ទាល់។

សម្ដេចបញ្ចាក់ថាអ្នកដែលមិនទាន់ពេលចាក់ក៏អាចចាក់ឱ្យបានដែរ។

សម្ដេចតេជោថា៖ «ដូច្នេះសូមបងប្អូនជនរួមជាតិស្ម័គ្រមកចូលរួមចាក់ ហើយអ្នកដែលត្រូវចាក់ខ្ញុំបានណែនាំលោកជំទាវ ឱ វណ្ណឌីន អំពីការអនុវត្តវិធានការចាក់វ៉ាក់សាំងជូនបងប្អូនទោះបីពេលវេលាមិនទាន់គ្រប់ក៏យើងអាចចាក់បានដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាពនូវអ្វីដែលយើងមាននៅក្នុងដៃដើម្បីពង្រឹងភាពស៊ាំសហគមន៍ និងដើម្បីងាយស្រួលដល់ការបើកទាំងស្រុងហើយដោយគ្មានការត្រលប់ក្រោយ»។

សម្ដេចបានបញ្ជាឱ្យក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់អនុវត្តន៍យុទ្ធនាការនេះដោយត្រូវរៀបចំកម្លាំងឱ្យត្រូវដើម្បីចាក់វ៉ាក់សាំងដល់ពលរដ្ឋ។

សម្ដេចតេជោថា៖ «សូមព្រះតេជគុណគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ សូមទទួលជោគជ័យនូវយុទ្ធនាការវ៉ាក់សាំងដូសទី៣ ដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវមានវ៉ាក់សាំងយ៉ាងតិច៣ដូសនៅក្នុងខ្លួនដើម្បីការពារជំងឺដ៏កាចសាហាវនេះ»។

គិតចាប់តាំងពីកម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ពលរដ្ឋកម្ពុជាប្រមាណ១៤,១លាននាក់បានទទួលវ៉ាក់សាំងមូលដ្ឋាន ឬ២ដូស ខណៈមានពលរដ្ឋតែជាង ៨,២លាននាក់ប៉ុណ្ណោះដែលទៅទទួលវ៉ាក់សាំងដូសទី៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក