ភ្នំពេញ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុនសែន បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុនថា សម្ដេចគ្រោងជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងលាំង សារជាថ្មីដើម្បីជំរុញយ៉ាងណាឱ្យកុងសង់ស៊ីសទាំង ៥ចំណុចរបស់អាស៊ានមានដំណើរការទៅមុខបន្តទៀត។
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីសម្ដេចតេជោអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ ពីប្រទេសជប៉ុននារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានឲ្យអ្នកសារព័ត៌មានដឹងថា នៅពេលដែលសម្ដេចតេជោ ជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៉ីដា ហ្វូមីអូ ថាវឌ្ឍនភាពសម្រាប់ដំណោះស្រាយរបស់មីយ៉ាន់ម៉ា គឺមានវឌ្ឍនភាពខ្លះដែរ ដោយថាសម្ដេចនឹងមានគម្រោងនឹងជួបជាមួយនឹងលោក មីន អោងលាំង សារជាថ្មីដើម្បីជំរុញកុងសង់ស៊ីសទាំង ៥ចំណុចរបស់អាស៊ាន ក៏ដូចជាកាត់បន្ថយនូវអំពើហិង្សា ការផ្ដល់ជំនួយ និងបង្កើតកិច្ចសន្ទនានៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោក កៅ គឹមហួន ថា៖ «សម្ដេចនាយករដ្ឋមន្ត្រីក៏បានជម្រាបជូននាយករដ្ឋមន្ត្រីជប៉ុនផងដែរថាសម្ដេចក៏នឹងគ្រោងជួបជាមួយនឹង ឯកឧត្តម មីន អោងលាំង ដើម្បីបន្តជំរុញនូវការឯកភាពទាំង ៥ ចំណុចនេះ»។
បងដែលថាសម្ដេចតេជោបានជួបជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អោងលាំង ចំនួនពីរដងរួចហើយ គឺកាលពីដើមឆ្នាំ២០២២នេះសម្ដេចបានទៅជួបផ្ទាល់ និងនៅអំឡុងខែកុម្ភៈសម្ដេចបានជួបតាមរយៈវីដេអូពីចំងាយ។
ជំនួបទាំងពីរនេះគឺសម្ដេចចង់ជំរុញឲ្យមានដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ក៏ដូចជាការរំលឹកឲ្យមេដឹកនាំមានគោរពការកិច្ចសន្យារបស់ខ្លួនផងដែរ។
ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ បន្ទាប់ពីត្រលប់ពីមីយ៉ាន់ម៉ាមកកម្ពុជាវិញលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា «ទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកនេះ ជាទស្សនកិច្ចស្វែងយល់ ពីសភាពការបច្ចុប្បន្ន និងស្វែងយល់អំពីជំហររបស់ភាគីពាក់ព័ន្ធនានា ហើយស្តាប់សំណូមពររបស់ពួកគាត់»៕