នាយករដ្ឋមន្ត្រីអញ្ជើញដល់រាជធានីភ្នំពេញវិញបន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅជប៉ុន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញហើយបន្ទាប់ពីសម្ដេចចំណាយពេលប្រមាណពីរថ្ងៃនៅប្រទេសជប៉ុនដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។
យន្តហោះពិសេសរបស់សម្ដេចតេជោ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោងប្រមាណ ១២ និង៤៥នាទី រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ។
គូរបញ្ជាក់ផងដែរថា សម្ដេចតេជោ មានវត្តមាននៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែមេសានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។
ក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេចតេជោ បានឡើងថ្លែងសន្ទរកថា ដោយបានកត់សម្គាល់ថា «ការគ្រប់គ្រងធនធានទឹកនៅពេលបច្ចុប្បន្ននិងកំណត់អំពីគុណភាពជីវិតរបស់យើងនឹងកូនចៅយើងនៅពេលអនាគត»។
ក្រៅពីឡើងថ្លែងសន្ទរកថាសម្ដេចក៏មានជួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ នាយករដ្ឋមន្ត្រីជប៉ុន ក្រុមហ៊ុនវិនិយោគជប៉ុន ដែលទទួលបាននូវលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន រួមមានបញ្ហាព្រំដែនកម្ពុជា-ឡាវ ទំនាក់ទំនងកម្ពុជាឡាវ និងការបង្កើនទំនាក់ទំនងឲ្យកាន់តែកើនឡើងទ្វេរមួយកម្រិតទៀតរវាងកម្ពុជានិងជប៉ុន៕
PHOTO: EAC NEWS